រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី លុះត្រាតែសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយលើសន្ធិសញ្ញាសន្តិភាពសិន។
លោកពូទីនបានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបនៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។
លោកបានលើកឡើងថា បណ្តាប្រទេសលោកខាងលិចបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែន និងបានចាប់ផ្តើមជំរុញឱ្យមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី។ លោកបានបន្ថែមថា លោកគិតថាបញ្ហានេះជិតឈានដល់ទីបញ្ចប់ហើយប៉ុន្តែវានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៅឡើយ។
លោកពូទីនបានរិះគន់ភាគីអឺរ៉ុប ដែលបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយលោកបានអះអាងថា អឺរ៉ុបគួរតែដាក់ចេញនូវវិធានការនានាដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ីវិញ។
ពាក់ព័ន្ធនឹងការចរចាជាមួយលោកហ្សេឡេនស្គី ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា ការចរចាសន្តិភាពនឹងមិនអាចប្រព្រឹត្តទៅបានឡើយ លុះត្រាតែអ៊ុយក្រែនព្រមទទួលយកលក្ខខណ្ឌដែលរុស្ស៊ីទាមទារ។
លោកពូទីនបានបញ្ជាក់ថា លោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លុះត្រាតែសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយលើសន្ធិសញ្ញាសន្តិភាព ដែល «ត្រូវបានរៀបចំឡើងសម្រាប់ទស្សនវិស័យប្រវត្តិសាស្ត្ររយៈពេលវែង»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


