ចិន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។ លោកត្រាំបានពណ៌នាថា វាគឺជា «ជំនួបដ៏ល្អបំផុត»ហើយបាននិយាយថាលោកស៊ីបានផ្តល់ការជួយជ្រោមជ្រែងក្នុងជម្លោះអ៊ីរ៉ង់។
លោកត្រាំបានផ្តល់បទសម្ភាសន៍ដល់កម្មវិធី Hannity របស់ប៉ុស្តិ៍ទូរទស្សន៍ Fox News បន្ទាប់ពីកិច្ចពិភាក្សា។ លោកបានមានប្រសាសន៍ថា លោកស៊ីបានប្រាប់លោកថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនផ្តល់ឧបករណ៍យោធាដល់រដ្ឋាភិបាលក្រុងតេហេរ៉ង់នោះទេ ដោយលោកបានចាត់ទុកការសន្យានេះថាជា «សេចក្តីថ្លែងការណ៍ដ៏ធំធេង»។ លោកក៏បានបន្ថែមទៀតដែរថា លោកស៊ីចង់ឱ្យច្រកសមុទ្រ Hormuz បន្តបើកចំហ។ បន្ថែមពីនេះ លោកថាប្រទេសចិននឹងបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍ Boeing របស់សហរដ្ឋអាមេរិក។
លោកស៊ីបានប្រើប្រាស់ពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដើម្បីរំលេចនូវក្របខណ្ឌថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីដោយមានប្រសាសន៍ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតភាពជាដៃគូ «ប្រកបដោយការស្ថាបនា និងស្ថិរភាពជាយុទ្ធសាស្ត្រ»។
លោកបានមានប្រសាសន៍ថា «យើងទាំងពីរជឿថា ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក។ យើងត្រូវតែធ្វើឱ្យវាដំណើរការទៅមុខ និងមិនត្រូវធ្វើឱ្យវាខូចខាតឡើយ»។
លោកត្រាំបាននិយាយថា «យើងមានការសន្ទនា និងកិច្ចប្រជុំប្រកបដោយវិជ្ជមាន និងផ្លែផ្កាយ៉ាងខ្លាំងនៅថ្ងៃនេះជាមួយគណៈប្រតិភូចិនកាលពីព្រឹកមិញ»។
ក្រុមថ្នាក់ដឹកនាំធុរកិច្ចអាមេរិកចំនួន ១៨ រូប បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅក្រៅកិច្ចប្រជុំកំពូល។ ក្នុងនោះរួមមានលោក Elon Musk នៃក្រុមហ៊ុន Tesla, លោក Tim Cook នៃក្រុមហ៊ុន Apple និងលោកJensen Huang នៃក្រុមហ៊ុន Nvidia។ លោកលីបានមានប្រសាសន៍ថា ប្រទេសទាំងពីរមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន និងដល់ពិភពលោក។
លោកត្រាំនឹងជួបពិភាក្សាជាមួយលោកស៊ីម្តងទៀត មុនពេលចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


