ចាប់ឃាតករជាខ្មែរម្នាក់និងចិនម្នាក់ សម្លាប់មនុស្ស២នាក់ញាត់ក្នុងលូ

 


ភ្នំពេញ ៖ ​អ្នក​រត់​តាក់ស៊ី​ម្នាក់ និង ស្ត្រីភេទ​ទី​៣(ប្រុសកែភេទស្រី) ជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់ ត្រូវ​បាន​ឃាតករមួយក្រុមមានខ្មែរនិង​​ជនជាតិ​ចិន​រឹ​តក និង ​វាយ​សម្លាប់​ ហើយ​យក​សព​ទៅ​ញាត់ក្នុងលូរួម​គ្នា កើតឡើងនៅ​ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយ​លាយស៊ីម៉ង់ត៍ចាក់ពីលើ​និង​យក​រថយន្ត​ទៅ​ប្លុង​ចោល​នៅ​ស្រុក​កៀនស្វាយ​ បង្ក​ការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​០១ ខែមិថុនា ឆ្នាំ​២០២៦​។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការ​ឈាន​ទៅ​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ពីរ​នាក់​ បន្ទាប់​ពីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនជាតិ​ខ្មែរម្នាក់និងជនជាតិចិនម្នាក់ ​ពាក់ព័ន្ធករណីចាប់​ជម្រិត​ទា​រប្រាក់​ពីជន​រង​គ្រោះ​ ហើយ​បាននាំ​យក​ទៅ​បង្ហាញ​ទីតាំង​ខាងលើ​។




ប្រភពបន្តថា ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិតរួមមាន ១-ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​តាក់ស៊ី ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ និង ​២-ឈ្មោះ តាំង ស៊ី​ម៉េ​ង ហៅ​ឡីឡីភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​ប្រុស​កែ​ភេទជា​​ស្រី​) ជាបុគ្គលិក​ខារ៉ាអូខេ មានទីលំនៅ​សង្កាត់​-ខណ្ឌ​ឫស្សី​កែវ ។


ប្រភពបន្តថា បន្ទាប់​ពី​បាត់​ខ្លួន​ជន​រង​គ្រោះ​និង​ប្រទះ​ឃើញ​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ស្រុក​កៀនស្វាយ​ ទើបនគរបាល​ព្រហ្មទណ្ឌ​កម្រិត ស្រាល​រាជធានី​ភ្នំពេញ​ បានចុះ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ទាំងពីរ​នាក់​នៅ​ថ្ងៃ​ទី​១​ខែមិថុនា​ឆ្នាំ​២០២៦​ ហើយ​បាន​នាំ​ជនសង្ស័យ​ទៅ​បង្ហាញទីតាំង​ដី​ឡូ​តិ៍ ខាងលើ​ដែល​ជា​កន្លែង​ឃុំឃាំង​និង​សម្លាប់​ជន​រង​គ្រោះ​ ដែលយក​ទៅ​កប់​ក្នុង​រណ្ដៅ​ដែល​ជា​អណ្ដូង​លូ និង​ចាក់​លាយស៊ីម៉ង់ត៍​ពីលើ​។សមត្ថកិច្ច​ក៏​បាន​គាស់​យក​សាកសព​ត្រួតពិនិត្យ​នៅ​វេលា​យប់​តែម្តង។




ក្រោយពី​ត្រួតពិនិត្យ​លើសាកសពជនរងគ្រោះទាំង២នាក់រួចមក សមត្ថកិច្ចជំនាញបានបាន​សន្និដ្ឋាន​ថា សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន អ្នកបើកបររថយន្តស្លាប់​ដោយ របួស​កាប់​ដាច់​ស​សៃ​ឈាម​ទាំងអស់​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង និង​សាកសព​ឈ្មោះ តាំង ស៊ី​ម៉េ​ង ប្រុស​កែ​ភេទ​ស្រី​ ស្លាប់​ដោយ រឹតក​សម្លាប់ ដែលជា​ករណី​ឃាតកម្ម​។​ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណកយរៀងៗខ្លួន។


យ៉ាងណា​ក៏ដោយសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណឃាតករនិងផ្តល់ជូនព័ត៌មានលម្អិតនៅឡើយ ដោយសារកំពុងបន្តនីតិវិធី ៕



Previous Post Next Post