ភ្នំពេញ ៖ អ្នករត់តាក់ស៊ីម្នាក់ និង ស្ត្រីភេទទី៣(ប្រុសកែភេទស្រី) ជាបុគ្គលិកខារ៉ាអូខេម្នាក់ ត្រូវបានឃាតករមួយក្រុមមានខ្មែរនិងជនជាតិចិនរឹតក និង វាយសម្លាប់ ហើយយកសពទៅញាត់ក្នុងលូរួមគ្នា កើតឡើងនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយលាយស៊ីម៉ង់ត៍ចាក់ពីលើនិងយករថយន្តទៅប្លុងចោលនៅស្រុកកៀនស្វាយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការឈានទៅរកឃើញសាកសពជនរងគ្រោះពីរនាក់ បន្ទាប់ពីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ពីជនរងគ្រោះ ហើយបាននាំយកទៅបង្ហាញទីតាំងខាងលើ។
ប្រភពបន្តថា ជនរងគ្រោះដែលបាត់បង់ជីវិតរួមមាន ១-ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង ២-ឈ្មោះ តាំង ស៊ីម៉េង ហៅឡីឡីភេទស្រី អាយុ៣៦ឆ្នាំ (ប្រុសកែភេទជាស្រី) ជាបុគ្គលិកខារ៉ាអូខេ មានទីលំនៅសង្កាត់-ខណ្ឌឫស្សីកែវ ។
ប្រភពបន្តថា បន្ទាប់ពីបាត់ខ្លួនជនរងគ្រោះនិងប្រទះឃើញរថយន្តដែលត្រូវជនសង្ស័យយកទៅផ្លុងចោលនៅស្រុកកៀនស្វាយ ទើបនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវហើយឈានទៅឃាត់ជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២៦ ហើយបាននាំជនសង្ស័យទៅបង្ហាញទីតាំងដីឡូតិ៍ ខាងលើដែលជាកន្លែងឃុំឃាំងនិងសម្លាប់ជនរងគ្រោះ ដែលយកទៅកប់ក្នុងរណ្ដៅដែលជាអណ្ដូងលូ និងចាក់លាយស៊ីម៉ង់ត៍ពីលើ។សមត្ថកិច្ចក៏បានគាស់យកសាកសពត្រួតពិនិត្យនៅវេលាយប់តែម្តង។
ក្រោយពីត្រួតពិនិត្យលើសាកសពជនរងគ្រោះទាំង២នាក់រួចមក សមត្ថកិច្ចជំនាញបានបានសន្និដ្ឋានថា សាកសពឈ្មោះ អែម គឹមស្រ៊ុន អ្នកបើកបររថយន្តស្លាប់ដោយ របួសកាប់ដាច់សសៃឈាមទាំងអស់នៅកន្លាក់ជើងខាងឆ្វេង និងសាកសពឈ្មោះ តាំង ស៊ីម៉េង ប្រុសកែភេទស្រី ស្លាប់ដោយ រឹតកសម្លាប់ ដែលជាករណីឃាតកម្ម។ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណកយរៀងៗខ្លួន។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណឃាតករនិងផ្តល់ជូនព័ត៌មានលម្អិតនៅឡើយ ដោយសារកំពុងបន្តនីតិវិធី ៕




