ឥណ្ឌូនេស៊ី ៖ កាលពីថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានដកតំណែងប្រធានស្ថាប័នទទួលបន្ទុកកម្មវិធីផ្តល់អាហារឥតគិតថ្លៃតាមសាលារៀន ដែលជាកម្មវិធីដ៏លេចធ្លោរបស់លោក បន្ទាប់ពីកម្មវិធីនេះបានរងការខូចឈ្មោះដោយសារករណីពុលអាហារទ្រង់ទ្រាយធំ និងការចោទប្រកាន់ពីបទពុករលួយ។
កម្មវិធីដែលមានតម្លៃរាប់ពាន់លានដុល្លារ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនេះ គឺជាគោលនយោបាយស្នូលនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ របស់លោកប្រាបូវ៉ូ។ រដ្ឋាភិបាលបានអះអាងថា ខ្លួនបានផ្តល់អាហារដល់ប្រជាជនជាង ៦១ លាននាក់ គិតត្រឹមខែមីនា ប៉ុន្តែប្រជាជនរាប់ម៉ឺននាក់បានធ្លាក់ខ្លួនឈឺ ចាប់តាំងពីកម្មវិធីនេះត្រូវបានចាប់ផ្តើមអនុវត្តកាលពីខែមករា ឆ្នាំ២០២៥ មក។
រដ្ឋលេខាធិការ លោក ប្រាសេតយ៉ូ ហាឌី (Prasetyo Hadi) បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សាការតាថា«ប្រធានាធិបតីបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃទីភ្នាក់ងារអាហារូបត្ថម្ភជាតិ» ដោយលោកបានលើកឡើងពីបញ្ហាគុណភាពអាហារ ក្នុងចំណោមកង្វល់ផ្សេងៗទៀតដែលនាំឱ្យមានការសម្រេចចិត្តនេះ។
ក្រុមអ្នករិះគន់បានអំពាវនាវឱ្យផ្អាកកម្មវិធីនេះជាបណ្តោះអាសន្ន ដោយសារតែកង្វល់ផ្នែកអនាម័យ និងការចោទប្រកាន់ពីបទពុករលួយ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រាសេតយ៉ូ បានបញ្ជាក់ថា «រដ្ឋាភិបាលនឹងបន្តធានាថា ក្នុងអំឡុងពេលដំណើរការវាយតម្លៃដែលកំពុងធ្វើឡើងនេះ គ្រប់កម្មវិធីទាំងអស់របស់ទីភ្នាក់ងារអាហារូបត្ថម្ភជាតិ នឹងនៅតែបន្តដំណើរការទៅមុខជាធម្មតា»។
លោក ដាដាន់ ហ៊ីនដាយ៉ាណា (Dadan Hindayana) ដែលជាអ្នកជំនាញខាងបាណកសាស្ត្រ និងជាអ្នកដឹកនាំទីភ្នាក់ងារនេះតាំងពីចាប់ផ្តើមដំបូង ត្រូវបានជំនួសតំណែងដោយអនុប្រធានរបស់លោក គឺលោកស្រី ណានីក ស៊ូដាយ៉ាទី ដេយ៉ាង (Nanik Sudaryati Deyang)។
កាលពីខែឧសភា អង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី (Indonesia Corruption Watch) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក ដាដាន់ ដោយលើកឡើងពីភាពមិនប្រក្រតីនៃកញ្ចប់ថវិកា។
លោក ដាដាន់ ធ្លាប់បានប្រាប់សភាជាតិកាលពីឆ្នាំ២០២៥ ថា កម្មវិធីនេះបានបង្កឱ្យមានករណីពុលអាហារយ៉ាងហោចណាស់ ១១.០០០ករណី ដែលក្នុងនោះមានមនុស្សជាង ៦០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកប្រាបូវ៉ូ ក៏បានទទួលស្គាល់បញ្ហាទាំងនេះដែរ ហើយបានប្តេជ្ញាចិត្តថានឹងដាក់វិន័យលើបុគ្គលណា ដែលរកឃើញថាមានកំហុសឆ្គង។
បច្ចុប្បន្ន កុមារជាង ២០ភាគរយនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងរងផលប៉ះពាល់ដោយសារបញ្ហាក្រិន ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
រដ្ឋាភិបាលធ្លាប់សង្ឃឹមថា កម្មវិធីនេះនឹងអាចផ្តល់អាហារដល់កុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនយ៉ាងហោចណាស់ ៨២,៩លាននាក់ ដែលស្មើនឹងប្រហែលមួយភាគបីនៃចំនួនប្រជាជនសរុបរបស់ប្រទេស។
គួរបញ្ជាក់ផងដែរថា គម្រោងថវិកាមួយនេះ ស្ថិតក្នុងចំណោមខ្ទង់ចំណាយដំបូងគេបង្អស់ដែលត្រូវបានកាត់បន្ថយខណៈពេលដែលរដ្ឋាភិបាលក្រុងហ្សាការតា ត្រូវចាត់វិធានការទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា៕(ដោយ ពិសិដ្ឋ សំណាង)


