ភ្នំពេញ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងម្នាក់ជាអ្នកទទួលទិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានបង្ហាញមុខនាថ្ងៃទី៨មិថុនាឆ្នាំ២០២៦នេះ។
សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋអនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់ បង្រ្កាបបទល្មេីស លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ត្រង់ចំណុច ផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី) ក្នុងខណ្ឌមានជ័យ សង្ស័យពាក់ព័ន្ធនឹងករណីលួច ម៉ូតូចំនួន០១គ្រឿង ក្នុងខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យឈ្មោះ ពៅ សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ។
សមត្ថកិច្ចបន្តថា រួចនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៧និង៥០នាទីយប់ កម្លាំងនគរបាលជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ទទួលផលចោរកម្ម (ទិញម៉ូតូចោរ) ជនសង្ស័យឈ្មោះ ឡេង ដារ៉ា ហៅចិន ភេទប្រុស អាយុ៣២ឆ្នាំ។
ចំណែកសម្ភារៈដកហូតមាន៖ ១. ម៉ូតូម៉ាក SUZUKI-NEX ពណ៌ស ពាក់ស្លាកលេខ 1FR-6260(របស់ជនរងគ្រោះ)និង២. ម៉ូតូម៉ាក HONDA-SCOOPY ពណ៌ស ពាក់ស្លាកលេខ 1BK-9616ស្លាកលេខក្លែងក្លាយ(របស់ជនរងគ្រោះ)។ ម៉ូតូចំនួន០២គ្រឿងខាងលេីកម្លាំងជំនាញបានធ្វេីការប្រគល់ជូនទៅជនរងគ្រោះវិញហេីយ។
បច្ចុប្បន្នកម្លាំងជំនាញនាំខ្លួនជនសង្ស័យ និងសម្ភារខាងលេីមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីសាកសួរនិងកសាងសុំណុំរឿងនីតិវិធី៕(BBN04)



