អ៊ីស្រាអែល និងក្រុមហេបូឡា ព្រមព្រៀងគ្នាលើបទឈប់បាញ់ ក្រោយកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបានពន្យារពេល

 


បរទេស  មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ NHK កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវបានសម្រេចឡើងរវាងប្រទេសអ៊ីស្រាអែល និងក្រុមហេបូឡា (Hezbollah) ដែលជាក្រុមមូស្លីមស៊ីអ៊ីតគាំទ្រដោយប្រទេសអ៊ីរ៉ង់។ ពួកគេបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកាតា គឺជាអ្នកសម្របសម្រួលឱ្យមានបទឈប់បាញ់នេះឡើង ដោយមានការគាំទ្រពីប្រទេសអ៊ីរ៉ង់។


កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ក្នុងប្រទេសស្វីស ត្រូវបានពន្យារពេល។ អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ បានអំពាវនាវឱ្យមានការបញ្ចប់ការប្រយុទ្ធគ្នានៅគ្រប់រណសិរ្សទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។


ប៉ុន្តែ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងប្រទេសលីបង់រហូតដល់ថ្ងៃសុក្រ។


កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហេបូឡាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។


កងទ័ពអ៊ីស្រាអែលក៏បានប្រកាសផងដែរថា ខ្លួនបានវាយប្រហារលើគោលដៅនានាដែលមានទំនាក់ទំនងជាមួយក្រុមហេបូឡារហូតដល់ថ្ងៃសុក្រ។


ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលសាធារណៈដែលលើកឡើងថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧ នាក់ និងរបួស ៩៧ នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ។


កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនចំនួន  នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងត្បូងប្រទេសលីបង់។


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍NBC ថា លោកបានស្នើឱ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេបូឡា។ លោកបានពិពណ៌នាថាការសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមនេះ គឺជាចំណុច "វិជ្ជមានហើយបានហៅវាថាជា "លាភបន្ថែមបន្តិចបន្តួច"


ការបាញ់ប្រហារគ្នានៅក្នុងប្រទេសលីបង់បានរារាំងដល់កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។




អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរំពឹងថា ក្រុមហេបូឡានឹងបញ្ឈប់ការវាយប្រហារដោយរ៉ុក្កែត និងដ្រូនលើអ៊ីស្រាអែល ហើយខាងអ៊ីស្រាអែលក៏នឹងមិនធ្វើសកម្មភាព "ខ្លាំងដៃហួសហេតុនៅក្នុងប្រទេសលីបង់ដែរ។


លោកក៏បានកត់សម្គាល់ផងដែរថា ការផ្ទុះដ៏ធំមួយនៅក្នុងមជ្ឈមណ្ឌលប្រជាជនស៊ីវិលក្នុងទីក្រុងបៃរូត (Beirut) បានកើតឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហាក់ដូចជាជិតឈានដល់ការទម្លាយភាពទាល់ច្រកនៅក្នុងកិច្ចព្រមព្រៀងនេះ។


អនុសរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចែងថា ភាគីទាំងពីរនឹងបន្តការចរចាដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ ថ្ងៃ។ ប៉ុន្តែការចរចាទ្វេភាគីនាពេលនេះ ត្រូវបានពន្យារពេលទៅវិញ។


ការចាប់អារម្មណ៍ទាំងឡាយកំពុងផ្តោតទៅលើថា តើកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងប្រទេសលីបង់នេះ នឹងនាំទៅរកវឌ្ឍនភាពក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែរឬយ៉ាងណា៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم