លោនវ៉ានស៍៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់យល់ព្រមអញ្ជើញអធិការកិច្ចនុយក្លេអ៊ែរ

 


បរទេស  មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅប្រទេសស្វីស ដើម្បីពិភាក្សាលើព័ត៌មានលម្អិតនៃលទ្ធភាពកិច្ចព្រមព្រៀងចុងក្រោយ។ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ានស៍ (JD Vance) បានថ្លែងកាលពីថ្ងៃចន្ទថា ភាគីទាំងពីរសម្រេចបាន «វឌ្ឍនភាពល្អៗជាច្រើន» ហើយរដ្ឋាភិបាលក្រុងតេហេរ៉ង់បានយល់ព្រមទទួលយកក្រុមអធិការកិច្ចនុយក្លេអ៊ែរឱ្យចូលមកក្នុងប្រទេសវិញ។


លោក វ៉ានស៍ ដែលជាអ្នកដឹកនាំភាគីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចរៀបចំការចុះធ្វើអធិការកិច្ចជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។


លោកបានថ្លែងថា «នោះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រជាជនអាមេរិក និងជាជំហានដំបូងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ ឬបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ជាស្ថាពរ» លោកបានបន្ថែមថាភាគីទាំងពីរបានដាក់ «គ្រឹះដ៏ជោគជ័យមួយ» សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា«នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ»


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមដោយលើកឡើងថា អ៊ីរ៉ង់នឹងយល់ព្រមឱ្យមានការចុះធ្វើអធិការកិច្ច ដើម្បីធានានូវអ្វីដែលលោកហៅថា «ភាពស្មោះត្រង់ខាងផ្នែកនុយក្លេអ៊ែរ»




ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានជំរុញឱ្យរដ្ឋបាលត្រាំ សម្រាលទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងនិងផលិតផលប្រេងកាតរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក ស្កុត បេសិន (Scott Bessent) បានបង្ហោះនៅលើបណ្តាញសង្គមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ផលិត ដឹកជញ្ជូន និងលក់ប្រេងក្នុងរយៈពេល ៦០ ថ្ងៃ។


ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានផ្តល់ព័ត៌មានខុសពីនេះ ដោយបានដកស្រង់សម្តីមន្ត្រីនានាដែលលើកឡើងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនបានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរនោះទេ ក្នុងអំឡុងពេលនៃការចរចារយៈពេល ១៨ ម៉ោងរបស់ពួកគេ។ របាយការណ៍នោះបានបន្ថែមថា រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនបានធ្វើការប្តេជ្ញាចិត្តថ្មីណាមួយឡើយ។


ប្រព័ន្ធផ្សព្វផ្សាយដដែលនោះក៏បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អែសម៉ាអ៊ីល បាកៃ(Esmaeil Baghaei) ផងដែរ។ លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ជាមួយស្ថាប័នឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) នឹងបន្តធ្វើឡើង «ក្រោមក្របខណ្ឌដែលមានស្រាប់» ដែលកំណត់ដោយច្បាប់ និង «ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល»(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

أحدث أقدم