លោករូប៊ីអូ ៖ ការចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ

 


..អា  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកការគាំទ្រពីសំណាក់បណ្តាសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនបណ្តោយឱ្យប្រទេសអ៊ីរ៉ង់ទារកម្រៃ ឬកាត់ថ្លៃឆ្លងកាត់នៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) នោះឡើយ ហើយលោកបានមានប្រសាសន៍ថា ការចរចា "កម្រិតបច្ចេកទេសរវាងភាគីទាំងពីរអាចនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ។


លោករូប៊ីអូ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងប្រទេសកូវ៉ែត កាលពីថ្ងៃពុធថា «ការចរចាបច្ចេកទេសគឺស្ថិតក្នុងកម្រិតមន្ត្រីជំនាញ ឧទាហរណ៍ដូចជា អ្នកជំនាញខាងថាមពលនុយក្លេអ៊ែរ និងអ្នកជំនាញខាងទណ្ឌកម្មជាដើម»លោកបានបន្តថា មន្ត្រីមកពីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិកនឹងចូលរួមក្នុងកិច្ចចរចានេះ។ លោករូប៊ីអូបានបញ្ជាក់ទៀតថា ជំនួបនេះរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស។


ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែបន្តប្រឆាំងចំពោះការអនុញ្ញាតឱ្យក្រុមអធិការកិច្ចនុយក្លេអ៊ែរចូលក្នុងប្រទេសរបស់ខ្លួន។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានបង្ហោះនៅលើបណ្តាញសង្គមថា មិនមានផែនការអនុញ្ញាតឱ្យមានការត្រួតពិនិត្យលើសម្ភារៈនុយក្លេអ៊ែរ ឬទីតាំងដែលរងការខូចខាតនោះឡើយ។ លោកបានព្រមានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែលើកលែងទណ្ឌកម្មជាមុនសិន មុនពេលដែលអ៊ីរ៉ង់ពិចារណាលើរឿងនេះ។


លោកក៏បាននិយាយផងដែរថា មន្ត្រីអ៊ីរ៉ង់មិនបានជួបចរចាជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅក្នុងប្រទេសស្វីសនោះទេ បើទោះបីជាមានការស្នើសុំពីខាងទីភ្នាក់ងារនេះក៏ដោយ។




ប្រមុខទីភ្នាក់ងារ IAEA លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានថ្លែងកាលពីថ្ងៃពុធថា លោក «គ្មានការសង្ស័យទេ» ថាការត្រួតពិនិត្យ «នឹងត្រូវប្រព្រឹត្តទៅ» លោកបានបន្តថា «រឿងនេះត្រូវបានចុះហត្ថលេខា និងព្រមព្រៀងគ្នារួចរាល់ហើយ។ កថាខណ្ឌទីប្រាំបីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងយ៉ាងច្បាស់ថា រាល់សកម្មភាពនុយក្លេអ៊ែរដែលនឹងត្រូវអនុវត្តពាក់ព័ន្ធនឹងសម្ភារៈ និងទីតាំងនុយក្លេអ៊ែរ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយទីភ្នាក់ងារ IAEA»


ការប្រយុទ្ធគ្នាថ្មីៗនៅក្នុងប្រទេសលីបង់ ក៏កំពុងធ្វើឱ្យកិច្ចចរចានេះប្រឈមនឹងហានិភ័យផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍អំពីហេតុការណ៍ពីរដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូងប្រទេសលីបង់។ប្រភពដដែលបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមដ្រូនកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សពីរនាក់។ 


ប្រភពនោះបន្តថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់មនុស្សពីរនាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃពុធដែលក្រុមហេហ្សបូឡា (Hezbollah) បានអះអាងថា ពួកគេកំពុងទាញសាកសពចេញពីគំនរបាក់បែក និងកំពុងជួសជុលផ្លូវថ្នល់។ ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានហៅការបាញ់ប្រហារនោះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើកិច្ចព្រមព្រៀងបទឈប់បាញ់៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم