បរទេស ៖ ក្រុមបាល់ទាត់បុរសជម្រើសជាតិអ៊ីរ៉ង់ បានបន្សល់ទុកនូវលិខិតសរសេរដោយដៃមួយច្បាប់ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីការប្រកួត World Cup នៅក្នុងទីក្រុង Los Angeles ដោយបានថ្លែងអំណរគុណដល់ទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
លិខិតនោះ ត្រូវបានបន្សល់ទុកនៅកីឡដ្ឋានដែលក្រុមអ៊ីរ៉ង់បានប្រកួតស្មើជាមួយក្រុមប៊ែលហ្សិក កាលពីថ្ងៃអាទិត្យហើយក៏បានសម្តែងការដឹងគុណចំពោះប្រជាជនអ៊ីរ៉ង់ផងដែរ។ សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ីរ៉ង់ បានបង្ហោះរូបថតលិខិតនោះនៅលើបណ្តាញសង្គម។
សារជាភាសាអង់គ្លេសនោះមានន័យថា «យើងបានមកដល់ទីក្រុង Los Angeles ប្រកបដោយមោទនភាព ចូលរួមប្រកួតប្រជែងដោយកិត្តិយស និងចាកចេញទៅវិញប្រកបដោយសេចក្តីថ្លៃថ្នូរ»។
លិខិតនោះក៏បានសរសេរទៀតថា «សូមឱ្យសន្តិភាព ការគោរព និងមិត្តភាព កើតមានចំពោះប្រជាជាតិទាំងអស់»។
ការណ៍នេះបានកើតឡើង ខណៈពេលដែលក្រុមជម្រើសជាតិអ៊ីរ៉ង់កំពុងធ្វើការប្រកួតប្រជែងក្រោមលក្ខខណ្ឌដ៏លំបាកចំពេលមានភាពតានតឹងរវាងប្រទេសរបស់ពួកគេ និងសហរដ្ឋអាមេរិក។
ក្រុមនេះត្រូវផ្លាស់ប្តូរទីតាំងជំរុំហ្វឹកហាត់របស់ពួកគេពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិក ហើយសមាជិកក្រុមត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិក តែនៅថ្ងៃដែលមានការប្រកួតនីមួយៗតែប៉ុណ្ណោះ។
ប្រទេសអ៊ីរ៉ង់ ត្រូវប្រកួតក្នុងវគ្គចែកពូលជាលើកទីបីរបស់ពួកគេជាមួយប្រទេសអេស៊ីប នៅថ្ងៃសុក្រនេះ ដោយមានឱកាសអាចឡើងទៅវគ្គបន្តទៀតផង៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)




