សហភាពអឺរ៉ុបពិន័យ AliExpress ៥៥០លានអឺរ៉ូ ពាក់ព័ន្ធនឹងការលក់ផលិតផលខុសច្បាប់

 


បរទេស ៖ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន AliExpress ជាប្រាក់ចំនួន ៥៥០លានអឺរ៉ូ ឬប្រហែល ៦៣០លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបបានលើកឡើងថា ក្រុមហ៊ុនលក់រាយអនឡាញរបស់ចិនមួយនេះ បានបរាជ័យក្នុងការទប់ស្កាត់ការលក់ផលិតផលខុសច្បាប់ឱ្យបានសមស្រប។ ក្រុមហ៊ុនលក់រាយអនឡាញមួយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស Alibaba Group។  


គណៈកម្មការអឺរ៉ុបបានថ្លែងកាលពីថ្ងៃចន្ទថា AliExpress បានបំពានច្បាប់ស្តីពីសេវាកម្មឌីជីថល។ គណៈកម្មការនេះបានគូសបញ្ជាក់ថា ក្រុមហ៊ុននៅមានកម្រិតក្នុងការវាយតម្លៃលើហានិភ័យនៃផលិតផលខុសច្បាប់ គ្មានសុវត្ថិភាព ឬផលិតផលក្លែងក្លាយ ដែលត្រូវបានលក់នៅលើគេហទំព័ររបស់ខ្លួន។ សហភាពអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កេតលើក្រុមហ៊ុននេះតាំងពីឆ្នាំ២០២៤ មកម្ល៉េះ។ 




អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Thomas Regnier បានឱ្យដឹងថា "ក្រុមហ៊ុនខ្លួនឯងបានរាយការណ៍ថាផលិតផលខុសច្បាប់ជិត ១៥លានមុខត្រូវបានណែនាំទៅកាន់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបកាលពីឆ្នាំមុន"។លោកបានបន្ថែមថា ទំនិញទាំងនោះភាគច្រើនជា "ផលិតផលគ្មានសុវត្ថិភាព និងក្លែងក្លាយ ដូចជា គ្រឿងសំអាងប្រដាប់ក្មេងលេង សម្លៀកបំពាក់ ឬឧបករណ៍អេឡិចត្រូនិច ជាដើម"។


គណៈកម្មការបានស្នើឱ្យ AliExpress ដាក់ជូននូវផែនការសកម្មភាពកែប្រែឱ្យបានមុនថ្ងៃទី២០ ខែតុលា។  




AliExpress បានចេញថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួនមិនយល់ស្របនឹងសេចក្តីសម្រេចនេះ និងការពិន័យដែល "ហួសហេតុ" នោះទេ។ ក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា ខ្លួននឹងប្តឹងតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះ៕  (ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم