បរទេស ៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាដោយប្រយោលមួយជុំកាលពីថ្ងៃទី ១ ខែកក្កដា ដោយគ្មានសញ្ញាណាមួយបង្ហាញថា ពួកគេបានឈានទៅរកការសម្រេចបាននូវសន្តិភាពយូរអង្វែងនោះទេ ដោយផ្ទុយទៅវិញពួកគេបានផ្តោតលើបញ្ហានានាដែលពួកគេធ្លាប់បាននិយាយថា ត្រូវបានដោះស្រាយរួចរាល់ហើយ នៅពេលដែលកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយត្រូវបានប្រកាសកាលពីពីរសប្តាហ៍មុន។
ប្រភពដែលបានដឹងពីកិច្ចពិភាក្សានេះបាននិយាយថា ក្រុមចរចានៃប្រទេសទាំងពីរបានចំណាយពេលពីរថ្ងៃនៅក្នុងទីក្រុងដូហា (Doha) ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវទឹកនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) និងការដោះលែងកញ្ចប់ថវិកាដែលបង្កករបស់អ៊ីរ៉ង់ ដែលជាបញ្ហាសំខាន់ពីរស្ថិតនៅក្រោមកិច្ចព្រមព្រៀងដំបូង។
ក្រសួងការបរទេសកាតាបានឱ្យដឹងថា កិច្ចប្រជុំបន្ទាប់នឹងប្រព្រឹត្តទៅបន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) ដែលគ្រោងនឹងបញ្ចុះនៅថ្ងៃទី ៩ ខែកក្កដា។
អ្នកនាំពាក្យក្រសួងការបរទេសកាតាបានបង្ហោះនៅលើបណ្តាញសង្គម X ថា ការពិភាក្សានៅទីក្រុងដូហាសម្រេចបាន «វឌ្ឍនភាពវិជ្ជមាន» លើបញ្ហានានាដែលទាក់ទងនឹងអនុស្សរណៈដែលបានបញ្ឈប់សង្គ្រាមកាលពីខែមិថុនាហើយការពិភាក្សានេះគឺ «កំពុងបន្តកសាងបន្ថែមលើលទ្ធផល» នៃកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសស្វីស។
នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ភាគីទាំងពីរកំពុងធ្វើឱ្យមានវឌ្ឍនភាពលើលទ្ធភាពនៃការកម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាមូលហេតុចម្បងដែលលោកបានបើកការវាយប្រហារក្នុងសង្គ្រាមនេះ រួមជាមួយប្រទេសអ៊ីស្រាអែលកាលពីខែកុម្ភៈ។ លោកបានប្រាប់អ្នកយកព័ត៌មានថា«ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងដំណើរការទៅមុខយ៉ាងល្អ។ ពួកគេមានកិច្ចប្រជុំល្អៗជាច្រើន ហើយយើងនឹងរង់ចាំមើលបន្តទៀត»។
ប៉ុន្តែប្រភពនានាបាននិយាយថា កម្មវិធីនុយក្លេអ៊ែរមិនត្រូវបានលើកយកមកជជែកនៅក្នុងកិច្ចពិភាក្សានោះទេ ដែលកិច្ចពិភាក្សាទាំងនោះមានលក្ខណៈបច្ចេកទេសតែប៉ុណ្ណោះ។
អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ានស៍ (J.D. Vance) បានមានប្រសាសន៍ថា បញ្ហានោះនឹងត្រូវដោះស្រាយនៅពេលក្រោយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «តាមពិតទៅ យើងមានការព្រួយបារម្ភអំពីបញ្ហានុយក្លេអ៊ែរហើយយើងនឹងចាប់ផ្តើមពិភាក្សាអំពីបញ្ហានោះ»។
ក្រសួងការបរទេសកាតាបានបញ្ជាក់ថា ក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បានរៀបចំកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយអ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាន។
យោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កូនប្រសាររបស់លោកត្រាំ គឺលោក ចារេដ គូសណឺ(Jared Kushner) និងប្រេសិតជាន់ខ្ពស់អាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) ដែលត្រូវបានបញ្ជូនទៅកាន់តំបន់នោះ សម្រាប់អ្វីដែលសេតវិមានបានផ្សព្វផ្សាយថាជាកិច្ចពិភាក្សា «កម្រិតខ្ពស់» នោះ មិនបានចូលរួមក្នុងសម័យប្រជុំទាំងនេះទេ។
ប្រធានគណៈប្រតិភូរបស់អ៊ីរ៉ង់ អនុរដ្ឋមន្ត្រីការបរទេស លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បាននិយាយថា កិច្ចពិភាក្សាត្រូវបានបញ្ចប់។ ប៉ុន្តែមិនមានភាគីណាមួយបញ្ជាក់ថា តើពួកគេអាចដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេបានឡើយ៕(ដោយ ពិសិដ្ឋ សំណាង)


