ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ១៣ នាក់

 


ជប៉ុន ៖ គ្រោះរញ្ជួយដីកម្រិត ៧,១ រិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ នៅជិតក្រុង គូម៉ាម៉ូតូ(Kumamoto) ភាគខាងត្បូងប្រទេសជប៉ុន ហើយក្រុមសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកយ៉ាងប្រញាប់ប្រញាល់ នេះបើយោងតាមការថ្លែងរបស់នាយករដ្ឋមន្ត្រី លោកស្រី សាណាអេ តាកាអ៊ីឈិ (Sanae Takaichi) នៅថ្ងៃទី ២៩ ខែកក្កដា។


លោកស្រី តាកាអ៊ីឈិ បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោកស្រីក្នុងទីក្រុងតូក្យូ មួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើងថា «សូម្បីតែពេលនេះ ក៏នៅតែមានមនុស្សកំពុងរង់ចាំការសង្គ្រោះ ហើយនេះគឺជាការប្រកួតប្រជែងជាមួយនឹងពេលវេលា។ យើងនឹងកៀរគរធនធានដែលមានទាំងអស់នៅនឹងកន្លែង ដើម្បីសង្គ្រោះនិងជួយជីវិតមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន» ដោយចំនួនអ្នកស្លាប់ឥឡូវបានកើនឡើងលើសពី៣ នាក់ដែលបានរាយការណ៍នាពេលមុននេះហើយ។




គ្រោះរញ្ជួយដីនេះបានផ្តាច់ចរន្តអគ្គិសនីនៅតាមផ្ទះរាប់ពាន់ខ្នង និងធ្វើឱ្យខូចខាតផ្លូវថ្នល់ជាច្រើនកន្លែងនៅទូទាំងតំបន់។ ក្រុមសង្គ្រោះបានទាញមនុស្ស ៨ នាក់ចេញពីគំនរបាក់បែកនៃផ្សារទំនើបមួយកន្លែងដែលបានបាក់រលំមួយផ្នែក កាលពីព្រឹកព្រលឹមថ្ងៃទី ២៩ ខែកក្កដា។ ស្រ្តីពីរនាក់ក្នុងវ័យខ្ទង់ ២០ ឆ្នាំបានស្លាប់ ដោយសារការផ្ទុះមួយដែលមិនទាន់ដឹងពីប្រភពច្បាស់លាស់ បានហែកកាត់ផ្សារទំនើបនោះ ប្រហែលមួយម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើង។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើលទ្ធភាពនៃការផ្ទុះហ្គាស។

ក្រុមសង្គ្រោះបន្ទាន់ផ្នែកអគ្គិភ័យ នគរបាល និងកងកម្លាំងយោធា កំពុងផ្តោតលើតំបន់នៃអគារដែលទទួលបានការតេទូរសព្ទចូលដើម្បីសុំជំនួយ។




ទំហំពេញលេញនៃគ្រោះមហន្តរាយនេះនៅតែមិនទាន់ដឹងច្បាស់លាស់នៅឡើយ។ ស្ថានីយទូរទស្សន៍សាធារណៈNHK បាននិយាយថា បុគ្គលិកផ្សារទំនើបប្រហែល ២០ ទៅ ៣០ នាក់មិនទាន់រាប់បញ្ជីឃើញ (បាត់ខ្លួន) នៅឡើយទេកាលពីថ្ងៃទី ២៨ ខែកក្កដា។


មន្ត្រីរដ្ឋាភិបាលក្នុងស្រុកម្នាក់បាននិយាយថា មនុស្ស ៧ នាក់ផ្សេងទៀតក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីបំពង់ផ្សែងរោងចក្រ Nippon Paper Industries បានបាក់រលំ ខណៈដែល ៤ នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ មន្ទីរពេទ្យនានាត្រូវគេរាយការណ៍ថាកំពុងព្យាបាលអ្នកជំងឺរាប់សិបនាក់។




អាជ្ញាធរបានឱ្យដឹងថា នៅទូទាំងខេត្ត ដែលធ្លាប់បានរងគ្រោះដោយរញ្ជួយដីដ៏ប្រល័យកាលពីមួយទសវត្សរ៍មុនផងដែរនោះ មនុស្សប្រហែល ២៦០.០០០ នាក់ត្រូវបានណែនាំឱ្យផ្លាស់ទីទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួន។


ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីខាងត្បូងក្រុង គូម៉ាម៉ូតូ ដែលជាក្រុងធំបំផុតនៅភាគកណ្តាលកោះ ឃ្យូស៊ូ (Kyushu) ដោយមានប្រជាជនរស់នៅប្រហែល ៧០០.០០០ នាក់។




អាជ្ញាធរបានព្រមានប្រជាពលរដ្ឋនៅក្នុងតំបន់ដែលទទួលរងរំញ័រខ្លាំងបំផុត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីខ្លាំងៗដែលអាចកើតមានបន្តទៀតក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ក៏ដូចជាហានិភ័យនៃការបាក់ដីផងដែរ។


ដោយសារផ្ទះសម្បែងជាង ៣៦.០០០ ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់ អាជ្ញាធរកំពុងព្រួយបារម្ភអំពីហានិភ័យនៃការជួបប្រទះគ្រោះថ្នាក់ដោយសារកម្ដៅ ខណៈដែលសីតុណ្ហភាពបានកើនឡើងដល់ប្រហែល ៣៤ អង្សាសេ នៅថ្ងៃទី២៩ ខែកក្កដា៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


أحدث أقدم