អាមេរិក និង អ៊ីរ៉ង់បាញ់ប្រហារគ្នាជាថ្មី

 


បរទេស ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកជាថ្មី ដែលធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ប្រឈមនឹងហានិភ័យ។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហាររលកថ្មីមួយ ដោយបានបាញ់ប្រហារលើទីតាំងយោធាប្រមាណ ៩០ កន្លែង ខណៈដែលកងកម្លាំងអ៊ីរ៉ង់បានប្រកាសថា ពួកគេបានវាយបកវិញដោយកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។


CENTCOM បានបញ្ជាក់កាលពីថ្ងៃពុធថា គោលដៅវាយប្រហារទាំងនោះរួមមាន ប្រព័ន្ធការពារដែនអាកាសព្រមទាំងឃ្លាំងផ្ទុកគ្រាប់មីស៊ីល និងដ្រូន។ ការវាយប្រហារជុំចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារជាលើកដំបូងកាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោកHossein Kermanpour បានបង្ហោះនៅលើបណ្តាញសង្គមថា មនុស្សចំនួន ១៤ នាក់បានបាត់បង់ជីវិតក្នុងរយៈពេលពីរថ្ងៃនេះ។


កងកម្លាំងអ៊ីរ៉ង់បានអះអាងថា ពួកគេបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងប្រទេសកូវ៉ែត និងអង់តែនរ៉ាដាព្រមានជាមុនផ្កាយរណបនៅក្នុងប្រទេសកាតា។




ការប៉ះទង្គិចគ្នានេះ បានកើតឡើងចំពេលថ្ងៃចុងក្រោយនៃពិធីដង្ហែសពដែលមានរយៈពេលមួយសប្តាហ៍របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។ លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ។ គេរំពឹងថា ការចរចារវាងភាគីទាំងពីរនឹងចាប់ផ្តើមឡើងវិញភ្លាមៗបន្ទាប់ពីពិធីបុណ្យសពនេះ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថាតើកិច្ចពិភាក្សានោះនឹងត្រូវបន្តធ្វើឡើងវិញ ឬយ៉ាងណា។


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើការជជែកតាមទូរស័ព្ទជាបន្តបន្ទាប់។ ក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា លោកបានពិភាក្សាជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសកាតា តួកគី និងអូម៉ង់។ លោកក៏បានជជែកជាមួយមេបញ្ជាការកងទ័ពប៉ាកីស្ថាន លោក Asim Munir ផងដែរ។ លោក Araghchi បានប្រាប់លោកMunir ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងយ៉ាងច្បាស់ក្រឡែត ហើយលោកបានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំងនឹង "ការផ្សងព្រេង" ផ្នែកយោធាណាមួយ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post