អាមេរិកបន្តការបិទខ្ទប់ឡើងវិញ ខណៈលោកត្រាំបោះបង់ចោលផែនការយកកម្រៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

 


ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលផែនការរបស់លោកក្នុងការយកកម្រៃសេវាឆ្លងកាត់នៅច្រកសមុទ្រ Hormuz ហើយ។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែបន្តដាក់សម្ពាធយោធាលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ដដែល។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ខ្លួនបានចាប់ផ្តើមឡើងវិញនូវការបិទខ្ទប់ប្រឆាំងនឹងនាវាទាំងឡាយណាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេររបស់អ៊ីរ៉ង់។


CENTCOM បានធ្វើការប្រកាសបែបនេះនៅលើបណ្តាញសង្គម ដោយនិយាយថា ប្រតិបត្តិការបានចាប់ផ្តើមឡើងវិញនៅម៉ោង ៤ រសៀល កាលពីថ្ងៃអង្គារ។ ស្ថាប័ននេះបានបន្ថែមថា នាវាជើងទឹកច្រើនជាង ២០ គ្រឿង និងយន្តហោះរាប់រយគ្រឿង កំពុងធ្វើប្រតិបត្តិការនៅទូទាំងមជ្ឈិមបូព៌ា។




លោកត្រាំបានមានប្រសាសន៍ថា លោកបានបោះបង់ចោលផែនការយកកម្រៃសេវាឆ្លងកាត់ ២០ ភាគរយសម្រាប់ច្រកសមុទ្រនេះហើយ។ លោកបានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា មេដឹកនាំនានានៅក្នុងតំបន់បានផ្តល់ការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកជំនួសវិញ។


លោកត្រាំបានថ្លែងថា «អ្នកបានដឹងហើយ ប្រទេសទាំងនោះ គឺអារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត កាតា បារ៉ែន និងកូវ៉ែត  ហើយនិងប្រទេសដទៃទៀត។ ខ្ញុំបាននិយាយជាមួយពួកគេទាំងអស់គ្នា ហើយពួកគេចង់វិនិយោគលុយកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិកក្នុងចំនួនកំណត់ត្រា។ ហើយនោះជារឿងដែលអាចទទួលយកបាន។ ហើយតាមរបៀបនេះ គឺមិនមានការយកកម្រៃសេវាឡើយ។ ខ្ញុំមិនចូលចិត្តគំនិតនៃការយកកម្រៃសេវានោះទេ»។


កាលពីមុន លោកត្រាំធ្លាប់បានលើកឡើងថា កម្រៃសេវាឆ្លងកាត់នេះគឺចាំបាច់ដើម្បីធានាដល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព និងសន្តិសុខ។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបាននិយាយថា ផែនការនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសជាសម្ព័ន្ធមិត្ត និងសមាជិកនៃគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់។




លោកត្រាំបាននិយាយថា លោកបានផ្តល់ «ឱកាស» ដល់មេដឹកនាំអ៊ីរ៉ង់ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេបានដកថយ ហើយបានវាយប្រហារមុន។ លោកបានពិពណ៌នាពួកគេថាជា «មនុស្សដែលពិបាកខ្លាំងណាស់»។


CENTCOM បាននិយាយថា យោធាបានបើកការវាយប្រហារជុំថ្មីមួយទៀតកាលពីថ្ងៃអង្គារ ដែលនេះជាថ្ងៃទីបួនជាប់ៗគ្នាហើយដែលកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារ។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអង្គារថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសកូវ៉ែត និងបារ៉ែន៕(BBN)

أحدث أقدم