ប្រជាជនអេស្ប៉ាញសម្រុកអបអរសាទរយ៉ាងគគ្រឹកគគ្រេងពេញទីក្រុងម៉ាឌ្រីដ ក្រោយជម្រើសជាតិអេស្ប៉ាញយកឈ្នះលើអាហ្សង់ទីននៅ World Cup វគ្គផ្តាច់ព្រ័ត្រ

 


បរទេស ៖ ផ្លូវនានាក្នុងទីក្រុងម៉ាឌ្រីដ (Madrid) គឺពោរពេញដោយមនុស្សម្នារួចជាស្រេចទៅហើយ នៅពេលដែលម៉ោងខិតជិតដល់ពាក់កណ្តាលអធ្រាត្រនៅក្នុងរាជធានីរបស់ប្រទេសអេស្ប៉ាញ ប៉ុន្តែគឺទាល់តែរហូតដល់មានគ្រាប់បាល់ជ័យជម្នះរបស់កីឡាករ ហ្វឺរ៉ាន ថូរ៉េស (Ferran Torres) នៅនាទីទី ១០៦ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យ ទើបធ្វើឱ្យអ្នកគាំទ្រមានឱកាសទះដៃអបអរសាទរយ៉ាងខ្លាំង។


ភ្លាមៗបន្ទាប់ពីនោះ អាជ្ញាកណ្តាល លោក ស្លាវកូ វីនឈីច (Slavko Vinčić) បានផ្លុំកញ្ចែបញ្ចប់ការប្រកួត ដើម្បីបញ្ជាក់ពីជ័យជម្នះ ១-០ របស់អេស្ប៉ាញលើអាហ្សង់ទីន ដែលបានបង្កើតឱ្យមានការអបអរសាទរយ៉ាងទ្រហឹងអឺងកងនៅទីលាន ផ្លាហ្សា ដឺ កូឡូន (Plaza de Colón) និងនៅទូទាំងទីក្រុងដែលមានប្រជាជន ៣,៤ លាននាក់មួយនេះ។




យោងតាមរូបភាពវីដេអូព័ត៌មាន ភាគច្រើនមនុស្សពេញវ័យបានសម្រក់ទឹកភ្នែកដោយក្តីរំភើបរីករាយ ខណៈដែលប្រជាពលរដ្ឋផ្សេងទៀតបានដុតកាំជ្រួចបំភ្លឺផ្លូវ និងផ្លុំត្រែជ័រ។ អ្នកខ្លះថែមទាំងបានធ្វើកាយវិការអុំទូកបែបវ៉ាយឃីង(Viking) របស់ប្រទេសន័រវែស ដែលបានក្លាយជា Trending ដ៏ល្បីលើពិភពលោក។


ជាការពិតណាស់ ពេលវេលាភាគច្រើននៃរាត្រីនោះ ត្រូវបានចំណាយទៅលើការឈរមើលដោយក្តីបារម្ភ និងភ័យអរៗ នៅតាមកម្មវិធីទស្សនាជាសាធារណៈ ខណៈដែលអាហ្សង់ទីន និងអេស្ប៉ាញ បន្តជាប់គាំងក្នុងលទ្ធផលស្មើ ០-០។




មានទូរទស្សន៍អេក្រង់យក្សជាច្រើនត្រូវបានដំឡើងនៅទូទាំងប្រទេសអេស្ប៉ាញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដោយមានមនុស្សប្រហែល ២០.០០០ នាក់ត្រូវបានរំពឹងថានឹងមកជួបជុំគ្នានៅទីលាន Plaza de Colón និងអ្នកគាំទ្រចំនួន ១៥.០០០ នាក់ទៀតនៅសួនច្បារ ម៉ាឌ្រីដ រីអូ (Madrid Rio) នៅកណ្តាលទីក្រុង។


ទីក្រុងធំៗផ្សេងទៀត ដូចជាបាសេឡូណា (Barcelona) ក៏មានតំបន់ទស្សនាជាសាធារណៈស្រដៀងគ្នានេះដែរ។ហើយដូចគ្នានឹងករណីនៅទីក្រុងម៉ាឌ្រីដដែរ មនុស្សរាប់សិបពាន់នាក់ត្រូវបានគេឃើញសម្រុកចុះមកតាមដងផ្លូវដើម្បីអបអរសាទរជ័យជម្នះពានរង្វាន់ World Cup លើកទីពីររបស់ប្រទេសខ្លួន។




ខណៈពេលដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sánchez) កំពុងប្រគល់មេដាយជើងឯកជូនក្រុមជម្រើសជាតិអេស្ប៉ាញ ប្រជាពលរដ្ឋរបស់លោកត្រូវបានគេឃើញនៅក្នុងវីដេអូ Viral តាមបណ្តាញសង្គម ដោយពួកគេបានឃាត់ចរាចរណ៍ដើម្បីរាំ និងច្រៀងបន្ទរនៅតាមដងផ្លូវធំៗ។


អ្នកបើកបរជាច្រើនថែមទាំងបានចូលរួមសប្បាយ ដោយការចុចស៊ីផ្លេឡានទៅតាមចង្វាក់តន្ត្រីដែលកំពុងបន្លឺឡើងយ៉ាងខ្លាំង។




សូម្បីតែនៅក្នុងតំបន់ដែលស្ងប់ស្ងាត់នៃទីក្រុងម៉ាឌ្រីដក៏ដោយ ក៏គេនៅតែឮសំឡេងអ្នកគាំទ្រផ្លុំត្រែចេញពីបង្អួចអាផាតមិន និងស្រែកច្រៀងឆ្លើយឆ្លងគ្នាយ៉ាងកងរំពងពីអគារមួយទៅអគារមួយទៀត៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)



أحدث أقدم