មនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីនាវាចម្លងមួយគ្រឿងបានឆាបឆេះនៅជិតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី

 


ឥណ្ឌូនេស៊ី ៖ នាវាចម្លងមួយគ្រឿងបានឆាបឆេះនៅក្នុងដែនទឹកភាគឦសាននៃកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ ទីភ្នាក់ងារស្វែងរក និងសង្គ្រោះរបស់ប្រទេសនេះបានឱ្យដឹងថា គិតត្រឹមម៉ោង ៤ រសៀលថ្ងៃអាទិត្យ មនុស្ស ៥ នាក់បានស្លាប់និង ៤១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។




ទីភ្នាក់ងារនេះបានបន្តថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកព្រលឹមថ្ងៃដដែល ខណៈពេលដែលនាវាកំពុងធ្វើដំណើរនៅជិតកោះម៉ាឌូរ៉ា (Madura) ក្នុងខេត្តជ្វាខាងកើត។


ទីភ្នាក់ងារដដែលបានបន្ថែមថា នាវាចម្លងនេះបានដឹកមនុស្សចំនួន ២៧១ នាក់ ធ្វើដំណើរចេញពីក្រុងស៊ូរ៉ាបាយ៉ា(Surabaya) ក្នុងខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុងម៉ាកាសារ (Makassar) ក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង (South Sulawesi) នៅពេលដែលអគ្គិភ័យបានកើតឡើង។ ទីភ្នាក់ងារក៏បានបញ្ជាក់ដែរថា កប៉ាល់ផ្សេងទៀតដែលកំពុងធ្វើប្រតិបត្តិការនៅជិតនាវាចម្លងនោះនៅពេលកើតហេតុ បានជួយជម្លៀសអ្នកដំណើរផងដែរ។




រូបភាពវីដេអូដែលថតដោយភ្នាក់ងារសង្គ្រោះបានបង្ហាញផ្សែងខ្មៅហុយចេញពីនាវាចម្លងដែលកំពុងទ្រេតនេះ។ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺមិនទាន់ដឹងនៅឡើយទេ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



أحدث أقدم