អុីរ៉ង់ ៖ កំពុងខិតជិតសម្រេចនូវសេចក្តីថ្លែងការណ៍រួមជាមួយអូម៉ង់ ស្តីពីច្រកសមុទ្រហ័រមូស

 


បរទេស ៖ ប្រទេសអុីរ៉ង់ និងអូម៉ង់ កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងលើផ្លូវនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស(Strait of Hormuz)។ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Esmaeil Baghaei បានថ្លែងកាលពីថ្ងៃពុធថាភាគីទាំងពីរកំពុងធ្វើការរៀបចំសម្រេចនូវសេចក្តីថ្លែងការណ៍រួមមួយ។


លោកបាននិយាយថា ភាគីទាំងពីរ "បានឈានដល់ការយល់ព្រមលើកូអ័រដោនេភូមិសាស្ត្រនៃផ្លូវនេះ" ដោយផ្តល់លក្ខខណ្ឌថា "ភាគីទីបីមួយចំនួនមិនធ្វើការរារាំងដំណើរការនេះឡើយ"។ លោក Baghaei បានបញ្ជាក់ថា អុីរ៉ង់បានពិនិត្យមើលរួចរាល់លើបញ្ហាបច្ចេកទេស សន្តិសុខ និងបញ្ហាផ្សេងៗទៀត។




លោកបានទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការបិទច្រកសមុទ្រនេះ ដោយលើកឡើងថា វាជាផលវិបាកនៃការឈ្លានពានផ្នែកយោធារបស់ពួកគេ។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការយល់ព្រមរវាងអុីរ៉ង់ និងអូម៉ង់តែពីរភាគីនេះ មិនទាន់ធានាបាននូវសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងច្រកសមុទ្រនោះទេ ពីព្រោះសហរដ្ឋអាមេរិកនៅតែជាការគំរាមកំហែងដល់សន្តិសុខនៅឡើយ។


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ផ្លូវទឹកនេះអាចនឹងបើកឡើងវិញនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍។ លោកបានមានប្រសាសន៍ថា មានវឌ្ឍភាពយ៉ាងច្រើនត្រូវបានសម្រេចបាន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



أحدث أقدم