មនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់នៅព្រំដែនចិន-នេប៉ាល់ ដោយសារគ្រោះទឹកជំនន់ភ្លាមៗ

 


ចិន ៖ មនុស្សយ៉ាងហោចណាស់ ៩៨នាក់ បានស្លាប់ និងជាង ៧៤០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បានវាយប្រហារតំបន់ព្រំដែននេប៉ាល់-ចិន កាលពីថ្ងៃពុធ។


នៅភាគីខាងនេប៉ាល់ លំហូរភក់ និងកម្ទេចកម្ទីយ៉ាងធ្ងន់ធ្ងរ បានកើតឡើងនៅក្នុងស្រុក រ៉ាស៊ូវ៉ា (Rasuwa) ស្ថិតនៅភាគកណ្តាលនៃប្រទេស កាលពីព្រឹកថ្ងៃពុធ។ ការិយាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៩៥នាក់ បានស្លាប់បាត់បង់ជីវិត ហើយទីតាំងរបស់អ្នកទេសចរជាង ៤៨០នាក់ រួមទាំងជនបរទេស ៣៩១នាក់ មិនទាន់ដឹងនៅឡើយទេ។


ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងកុដ្ឋមណ្ឌូ បានស្នើឱ្យអាជ្ញាធរនេប៉ាល់ ស្វែងរកជនជាតិជប៉ុនចំនួន ៥នាក់ ដែលគេជឿថាបានទៅកម្សាន្តនៅក្នុងតំបន់រងផលប៉ះពាល់នោះ។


ប្រតិបត្តិការសង្គ្រោះដោយកងទ័ព និងនគរបាល កំពុងជួបឧបសគ្គយ៉ាងខ្លាំង ដោយសារស្ពាន និងផ្លូវថ្នល់ត្រូវខូចខាតធ្ងន់ធ្ងរ ព្រមទាំងប្រព័ន្ធទំនាក់ទំនងខ្សោយ។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានសម្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក ស៊ីសៀ ខាណាល់ (Shisir Khanal) ដែលបានថ្លែងថា គ្រោះរញ្ជួយដីមួយបានបង្កឱ្យមានការបាក់ដីបិទផ្លូវទឹកទន្លេ ដែលអាចជាមូលហេតុបណ្តាលឱ្យកើតមានទឹកជំនន់នេះ។ ប៉ុន្តែ មូលហេតុពិតប្រាកដនៃការបាក់ដីនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។


រដ្ឋាភិបាលឥណ្ឌាបានថ្លែងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ រួមទាំងកងកម្លាំងសង្គ្រោះ និងបរិក្ខារវេជ្ជសាស្ត្រផងដែរ។


ទន្ទឹមនឹងនេះ ទូរទស្សន៍មជ្ឈិមចិន (CCTV) និងអង្គភាពព័ត៌មានផ្សេងទៀត បានរាយការណ៍ថា ការបាក់ដីបានកើតឡើងនៅក្នុងក្រុង ស៊ីកាតសេ (Shigatse) ក្នុងតំបន់ស្វយ័តទីបេតិ៍ ដែលស្ថិតនៅជិតព្រំដែននេប៉ាល់។ ពួកគេបានរាយការណ៍ថា មនុស្ស ៣នាក់ បានស្លាប់ គិតត្រឹមយប់ថ្ងៃពុធ ហើយ ២៦៥នាក់ទៀត កំពុងបាត់ខ្លួន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


أحدث أقدم