មកដឹងមូលហេតុពិតពីក្រោយគ្រោះទឹកជំនន់ដ៏សាហាវនៅនេប៉ាល់

 


បរទេស ៖ អ្នកជំនាញបានលាតត្រដាងថា គ្រោះទឹកជំនន់ឆាប់រហ័សដ៏ខ្លាំងក្លានៅប្រទេសនេប៉ាល់ ត្រូវបានបង្កឡើងដោយ «រលកយក្សស៊ូណាមិពីលើមេឃ» ដែលមានរលកខ្ពស់ខ្លាំង បន្ទាប់ពីផ្ទាំងទឹកកកនៅលើកំពូលភ្នំបានបាក់រលំនិងទម្លាក់ទឹកប្រមាណ ២០លានម៉ែត្រគូប ចុះមកក្រោមយ៉ាងគំហុក។ 


ការបាក់រលំនៃផ្ទាំងទឹកកក និងការបាក់ដីដ៏ធំសម្បើមនេះ បានបង្កើតឱ្យមានកម្លាំងរញ័រយ៉ាងខ្លាំង ដែលឧបករណ៍វាស់ស្ទង់រញ្ជួយដី (seismograms) អាចកត់ត្រាបានប្រហែល ៤,៤ ទៅ ៥,២ តាមកម្រិត Richter ដោយនៅជំហានដំបូង គេបានភាន់ច្រឡំថាជាគ្រោះរញ្ជួយដីពីធម្មជាតិ។


ជំនន់ទឹកកក ភក់ និងថ្ម បានហូរធ្លាក់តាមជ្រលងទន្លេ Bhote Koshi យ៉ាងលឿន និងមានកម្លាំងបោសសំអាតយ៉ាងសាហាវ ដោយបានកម្ទេចភូមិឋាន ស្ពាន និងអគារជាច្រើននៅតាមផ្លូវ។ មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មនុស្សរាប់រយនាក់បានស្លាប់ និងជាង ១.៥០០ នាក់ទៀតកំពុងបាត់ខ្លួន ដោយក្នុងនោះរួមមានទាំងប្រជាជនក្នុងស្រុក និងអ្នកទេសចរបរទេសផងដែរ។


ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញខាងផ្ទាំងទឹកកកបានបញ្ជាក់ថា ការកើនឡើងកម្ដៅផែនដីដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ គឺជាមូលហេតុចម្បងដែលធ្វើឱ្យទឹកកកនៅជួរភ្នំហិម៉ាឡៃរលាយយ៉ាងឆាប់រហ័ស។ដំណើរការនេះបានធ្វើឱ្យស្រទាប់ដីកក និងរចនាសម្ព័ន្ធភ្នំបាត់បង់ស្ថិរភាព ដែលបង្កឱ្យមានគ្រោះថ្នាក់នៃការបាក់រលំផ្ទាំងទឹកកក និងទឹកជំនន់ភ្លាមៗបែបនេះកាន់តែញឹកញាប់៕(ប្រែសម្រួលដដោយ ពិសិដ្ឋ សំណាង)

أحدث أقدم