រលំភ្នំសំរាមនៅហ្គីណេបណ្តាលឲ្យបាត់បង់ជីវិត ៣០ នាក់

 


ហ្គីណេ ៖ រដ្ឋាភិបាលហ្គីណេបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្នំសំរាមនៅទីលានចាក់សំរាមដ៏ធំមួយ បានបាក់រំលំលើផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះ ក្នុងរដ្ឋធានីកូណាគ្រី (Conakry) នៃប្រទេសហ្គីណេ។


មនុស្ស ២២នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ៦នាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងតំបន់ដារអេសសាឡិម (Dar-es-Salam) នៃទីក្រុងនេះ។


រដ្ឋាភិបាលបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំង និងធនធាន "យ៉ាងច្រើនសន្ធឹកសន្ធាប់" រួមទាំងយោធាផងដែរ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីហេតុការណ៍បាក់រំលំបានកើតឡើងនៅវេលាម៉ោងប្រហែល ០២:០០ អាធ្រាត្រ (ម៉ោងក្នុងស្រុក) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។


ស្ត្រីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូនៗទាំង ៥នាក់របស់គាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយនេះ។ គេមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត។


បន្ទាប់មក គេបានឃើញក្រុមអ្នកសង្គ្រោះប្រើប្រាស់គ្រឿងចក្រដើម្បីកាយ និងស្វែងរកតាមភ្នំសំរាមដែលរប៉ាត់រប៉ាយនៅទីតាំងកើតហេតុ ខណៈដែលអ្នកភូមិបានប្រមូលផ្តុំគ្នានៅជិតនោះ។


នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេ លោក ម៉ាម៉ាឌូ អ៊ូរី បា (Mamadou Oury Bah) បានចុះទៅដល់កន្លែងកើតហេតុដើម្បីវាយតម្លៃស្ថានការណ៍ផ្ទាល់លើការងារស្វែងរក។


ចៅសង្កាត់ក្នុងតំបន់ លោក ឡង់ស៊ីនេ ស៊ីឡា (Lancine Sylla) មុននេះបន្តិច បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកមានការព្រួយបារម្ភថានឹងមានចំនួនអ្នកស្លាប់យ៉ាងច្រើន។


លោកបានថ្លែងថា «យើងបានទាញយកសពចំនួន ១៨ នាក់ចេញមក ហើយត្រូវបានបញ្ជូនទៅតម្កល់នៅសាលរួចហើយ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم