កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបានបញ្ចប់ជាមួយនឹងការបង្ហាញភាពរួបរួមគ្នាជាមួយអ៊ីរ៉ង់

 




បរទេស ៖ មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនជាមួយនឹងសេចក្តីថ្លែងការណ៍សម្តែងនូវការសាមគ្គីភាពជាមួយអ៊ីរ៉ង់។


កិច្ចប្រជុំកំពូលនៅក្នុងទីក្រុងប៊ីសកេក (Bishkek) ប្រទេសកៀគីស៊ីស្ថាន ត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារ។ ក្របខណ្ឌអន្តរជាតិដែលដឹកនាំដោយចិន និងរុស្ស៊ីមួយនេះ មានសមាជិកចំនួន ១០ ប្រទេស រួមទាំងអ៊ីរ៉ង់ផងដែរ។


នៅក្នុងសេចក្តីថ្លែងការណ៍ក្រុងប៊ីសកេក មេដឹកនាំទាំងឡាយបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ហើយបានអំពាវនាវឱ្យមានការដោះស្រាយជម្លោះតាមផ្លូវនយោបាយនិងការទូត។


សេចក្តីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា បណ្តាសមាជិកនឹងប្រកាន់ខ្ជាប់នូវលទ្ធផលនៃសង្គ្រាមលោកលើកទីពីរនិងប្រឆាំងការប៉ងកែប្រែប្រវត្តិសាស្ត្រ ដែលមើលទៅហាក់ដូចជាការសំដៅទៅលើជប៉ុន។


ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញចូលរួមកិច្ចប្រជុំពង្រីកជាមួយបណ្តាប្រទេសជាដៃគូ។


ក្នុងន័យរិះគន់ដោយប្រយោលទៅលើសហរដ្ឋអាមេរិក លោកបាននិយាយថា ប្រទេសធំៗបានបង្ហាញគំរូក្នុងការគោរពបទដ្ឋានអន្តរជាតិ និងការផ្តល់តម្លៃលើរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។


វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ពេហ្សេសគៀន (Masoud Pezeshkian) កាលពីថ្ងៃអង្គារ។


លោកពូទីនបាននិយាយថា រុស្ស៊ីកំពុងព្យាយាមផ្តល់ជំនួយចាំបាច់ដល់អ៊ីរ៉ង់ ក្នុងអំឡុងពេលដ៏លំបាកសម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់។


លោក ពេហ្សេសគៀន ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា លោកមានទំនុកចិត្តថាស៊ូបាន ហើយអ៊ីរ៉ង់អាចឈរជើងតតាំងជាមួយសហរដ្ឋអាមេរិក និងទណ្ឌកម្មទាំងឡាយដែលបានដាក់មកលើប្រទេសរបស់ខ្លួនបាន៕(ដោយពិសដ្ឋ សំណាង)

أحدث أقدم