កិច្ចប្រឹងប្រែងទូតរបស់អាមេរិកដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន ៖ កិច្ចប្រជុំរបស់ប្រតិភូអាមេរិកជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី

 

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានជួបប្រជុំជាមួយប្រតិភូពិសេសរបស់សហរដ្ឋអាមេរិក លោកស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្ន័រ (Jared Kushner) ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ។ កិច្ចប្រជុំដែលមានរយៈពេលជាង ៣ ម៉ោងនេះ មានគោលបំណងពិភាក្សាអំពីផែនការសន្តិភាពដែលរៀបចំដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដែលបានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ។


នៅដើមជំនួប លោកពូទីនបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការបកស្រាយអំពីទស្សនទានរបស់ខ្លួនលើស្ថានការណ៍ដ៏ «ស្មុគស្មាញ» នៅអ៊ុយក្រែន។ លោក យូរី អ៊ូសាកូវ (Yuri Ushakov) ប្រឹក្សាជំនួយការរបស់លោកពូទីន បានឱ្យដឹងថា លោកពូទីន បានបញ្ជាក់ជាថ្មីនូវកាតព្វកិច្ចក្នុងការបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ និងការទូត។ មន្ត្រីសេតវិមាន និងភាគីរុស្ស៊ី បានបន្ថែមថា ភាគីទាំងពីរបានពិភាក្សាលើ «ផែនការជាក់ស្តែងសម្រាប់ជំហានបន្ទាប់» ដោយមានការចូលរួមពីមន្ត្រីក្រសួងការបរទេស និងក្រសួងរតនាគារអាមេរិកផងដែរ។


បន្ទាប់ពីបញ្ចប់ជំនួបនៅទីក្រុងមូស្គូ ប្រតិភូពិសេសអាមេរិក លោក វីតខូហ្វ និងលោក ឃូស្ន័រ បានបន្តដំណើរទៅកាន់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃអាទិត្យ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy)។


មុនពេលកិច្ចប្រជុំកើតឡើង លោក ហ្សេលេនស្គី បានបញ្ជាក់លើបណ្តាញសង្គមថា សកម្មភាពការទូតរបស់អ៊ុយក្រែននឹងប្រព្រឹត្តទៅយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ១០០ភាគរយ ហើយលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «កិច្ចសន្ទនាប្រកបដោយខ្លឹមសារស៊ីជម្រៅ» ជាមួយប្រតិភូអាមេរិក។


ថ្វីត្បិតតែការប្រយុទ្ធគ្នា និងការវាយប្រហារផ្លូវអាកាសរយៈចម្ងាយឆ្ងាយរវាងប្រទេសទាំងពីរមានការកើនឡើង ហើយកិច្ចចរចាសន្តិភាពធ្លាប់បានជាប់គាំងដោយសារស្ថានការណ៍នៅអ៊ីរ៉ង់ក៏ដោយ ក៏ការផ្លាស់ប្តូរទស្សនកិច្ចទូតរបស់អាមេរិកទៅកាន់ទាំងមូស្គូ និងគៀវ លើកនេះ ត្រូវបានគេសង្ឃឹមថានឹងអាចជួយទម្លុះភាពជាប់គាំង និងក្លាយជាកាតាលីករមួយនាំឱ្យមានសន្តិភាពពិតប្រាកដ៕(ដោយ ពិសិដ្ឋ សំណាង)




أحدث أقدم