ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា

 


ភ្នំពេញ  ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន នៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។




កិច្ចប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី ភី ស៊ីថងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផល អាជ្ញាធរបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៩ក្បាល។




ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសរួមមានៈ កុំព្យូទ័រប្រភេទ All-in-one ៩គ្រឿង,  ម៉ាស៊ីន CPU ៤គ្រឿង,អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។


ផ្អែកតាមការពិនិត្យជាក់ស្តែង ទីតាំងខាងលើត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស "កម្ចីប្រាក់ខុសច្បាប់" បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន។ ចំណែកមនុស្សទាំង ១០នាក់ រួមនិងវត្ថុតាងទាំងអស់  ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕(ដោយ BBN04)


أحدث أقدم