បងប្អូនដែលធ្លាប់បានស្តាប់ឮសម្លេង«លោកគ្រូខាងធនាគារ​»ពេលនេះជាប់ខ្នោះ៣នាក់ហើយ

 


ភ្នំពេញ  ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បង្ក្រាបពាក់ព័ន្ធករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំជាភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគាររបស់ជនរងគ្រោះ បានលុយខ្ទង់រាប់ម៉ឺនដុល្លារ ហើយបានបង្ហាញមុននារសៀលថ្ងៃទី១១មេសាឆ្នាំ២០២៦ម្សិលមិញ។




សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តសេនីយ៍  ថេត អគ្គស្នងការនគរបាលជាតិកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ 




សមត្ថកិច្ចបន្តថា ដោយសារជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា គេជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា ត្រូវធ្វើបច្ចុប្បន្នភាពគណនី ហើយសុំឲ្យផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ស្រាប់តែនៅវេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានពិនិត្យសមតុល្យគណនីរបស់ខ្លួន ឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនី ហើយលេខទូរសព្ទ និងគណនីត្រូវបានគេយកទៅប្រើប្រាស់ និងគ្រប់គ្រងបាត់។




សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាសង្ស័យ២នាក់ និងបានស្នើសុំដីកាបញ្ជាឱ្យចូលខ្លួន រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០យប់ ទើបឃាត់ខ្លួនបានមុខសញ្ញា៣នាក់។




សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន -ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ-ឈ្មោះខុន ប្រុសពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និង -ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ 




យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សែម ដាណែត បានរាវលេខបញ្ជូលទៅក្នុង APP ធនាគារអេស៊ីលីដា ។ក្រោយពីដឹងថា លេខទូរស័ព្ទប្រើប្រាស់គណនី អេស៊ីលីដា ក៏បានទូរសព្ទទៅជនរងគ្រោះ ដោយអះអាងថា «ខ្លួនជាភ្នាក់ងារអេស៊ីលីដា ហើយត្រូវធ្វើបច្ចុប្បន្នភាពគណនី»បន្ទាប់ពីជនរងគ្រោះមានការជឿជាក់ ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្តងទៀត ទៅក្នុង APP ដើម្បីឱ្យក្រុមហ៊ុនទូរសព្ទ ផ្ញើលេខសម្ងាត់៦ខ្ទង់ (សារសម្ងាត់ OTP) ហើយយកលេខ៦ខ្ទង់បញ្ចូលទៅក្នុង APP គណនីរបស់ជនរងគ្រោះ។




ជមសង្ស័យសារភាពបន្តថា ដើម្បីដកប្រាក់ពីគណនីបានជនសង្ស័យបានប្រើល្បិចថា អ្នកដែលប្រើប្រាស់សេវាអេស៊ីលីដា និងមានបន្ថែមទឹកប្រាក់លើកទឹកចិត្ត ហើយបង្គាប់ឱ្យជនរងគ្រោះ យកលេខសម្ងាត់៦ខ្ទង់ ទៅគុណនឹង៦ ចែកនឹង១០០ឃើញលទ្ធផលប៉ុន្មានឱ្យផ្ញើទៅពួកគេ។ បន្ទាប់ពីបានលេខនោះហើយ ជនសង្ស័យបានយកទៅចែកនឹង៦វិញនិងឃើញលេខសម្ងាត់របស់ជនរងគ្រោះ ហើយបានចូលទៅគ្រប់គ្រងគណនីតែម្តង។




សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូស្នាក់នៅ ដើម្បីធ្វើសកម្មភាព ព្រោះមានសភាពស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ប្រៀបដូចស្ថានភាពនៅក្នុងធនាគារដើម្បីឱ្យជនរងគ្រោះមានភាពជឿជាក់។


បច្ចុប្បន្នកម្លាំងនគរបាលជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ BBN04)



أحدث أقدم