បរទេស ៖ កាលពីថ្ងៃទី ២០ ខែមេសា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចេញការព្រមានរៀងៗខ្លួនថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ខណៈដែលពេលវេលានៃបទឈប់បាញ់កាន់តែខិតជិតមកដល់ រួមជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញកិច្ចចរចាដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថានឹងចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសប៉ាគីស្ថាន។
សេតវិមានបានឱ្យដឹងថា អនុប្រធានាធិបតី J.D. Vance បានត្រៀមខ្លួនជាស្រេចដើម្បីហោះត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញ ដែលជាទីកន្លែងកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចពិភាក្សាជុំទីពីរ ដើម្បីបញ្ចប់សង្គ្រាមដែលបានគ្របដណ្តប់ពាសពេញមជ្ឈិមបូព៌ា និងធ្វើឱ្យកក្រើកទីផ្សារសកលលោក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដឹកនាំដោយបព្វជិតរបស់ទីក្រុងតេហេរ៉ង់ បានបដិសេធមិនបញ្ជាក់ពីការចូលរួមរបស់ខ្លួនឡើយ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់តាមរយៈការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ និងការរឹបអូសយកនាវា។
លោក Mohammad Bagher Ghalibaf ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលបានដឹកនាំគណៈប្រតិភូទៅកាន់កិច្ចចរចាកាលពីពីរសប្តាហ៍មុននៅប៉ាគីស្ថាន បានថ្លែងថា «តាមរយៈការដាក់របាំងបិទខ្ទប់ និងការរំលោភលើបទឈប់បាញ់ លោកត្រាំចង់ប្រែក្លាយតុចរចានេះទៅជាតុចុះចាញ់ ឬប្រើវាដើម្បីផ្តល់ភាពស្របច្បាប់ដល់ការវាយប្រហារឡើងវិញតាមតែចិត្តចង់។ យើងមិនទទួលយកការចរចានៅក្រោមស្រមោលនៃការគំរាមកំហែងនោះទេ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញ "សន្លឹកបៀថ្មី" នៅលើសមរភូមិ»។
ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានពីការកំណត់គោលដៅលើនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត។
ដោយឡែក លោកត្រាំក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់ដូចគ្នាដែរថាបានរំលោភលើបទឈប់បាញ់ដោយសារការធ្វើទុក្ខបុកម្នេញលើនាវានៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងមួយភាគប្រាំរបស់ពិភពលោក ដែលអ៊ីរ៉ង់បានបិទស្ទើរតែទាំងស្រុង ដើម្បីជាការសងសឹកចំពោះសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
នៅក្នុងការបង្ហោះសារយ៉ាងខឹងសម្បារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Truth Social លោកត្រាំបានទទូចថា ការបិទខ្ទប់នេះកំពុង «បំផ្លាញយ៉ាងធ្ងន់ធ្ងរ» ដល់អ៊ីរ៉ង់ ហើយលោកបាននិយាយថា វានឹងមិនបញ្ចប់ឡើយ «រហូតទាល់តែមានកិច្ចព្រមព្រៀងមួយ» ដែលក្នុងនោះសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធឱ្យអ៊ីរ៉ង់ធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ខ្លួន។
លោកត្រាំបានប្រាប់សារព័ត៌មាន PBS ថា អ៊ីរ៉ង់ «ត្រូវបានរំពឹងថានឹងមានវត្តមាន» នៅក្នុងកិច្ចចរចានៅប៉ាគីស្ថាន។លោកបានព្រមានថា ប្រសិនបើបទឈប់បាញ់ផុតកំណត់ «នោះគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះឡើង»។
លើសពីនេះ លោកបានប្រាប់ Bloomberg ថា វា «ស្ទើរតែមិនអាចទៅរួចទេ» ដែលលោកនឹងពន្យារពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះបន្ថែមទៀត។ បើផ្អែកលើពេលវេលាចាប់ផ្តើម បទឈប់បាញ់នេះនឹងត្រូវផុតកំណត់តាមទ្រឹស្ដីនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២១ ខែមេសា (ម៉ោងនៅទីក្រុងតេហេរ៉ង់) ទោះបីជាលោកត្រាំបានលើកឡើងក្នុងសម្តីទៅកាន់ Bloomberg ថា វានឹងត្រូវបញ្ចប់មួយថ្ងៃក្រោយ ពោលគឺនៅល្ងាចថ្ងៃទី ២២ ខែមេសា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ក៏ដោយ៕(ដោយ ពិសិដ្ឋ សំណាង)


