វៀតណាម ៖ រលកកម្ដៅដ៏អូសបន្លាយបានបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កសិករវារីវប្បកម្មនៅក្នុងខេត្តកាម៉ៅ(Ca Mau) នៃតំបន់ដីសណ្តទន្លេមេគង្គ ដោយបង្គា និងក្ដាមបានងាប់ទ្រង់ទ្រាយធំ ខណៈដែលទឹកស្រះរីងស្ងួត និងកម្រិតជាតិប្រៃកើនឡើង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្គាខ្លាអាយុ ៧០ ថ្ងៃ ប្រមាណពាក់កណ្តាលនៅក្នុងស្រះទំហំ ២ ហិកតា របស់លោកហ៊ូ មិញ អ៊ុត (Huu Minh Ut) នៅឃុំតាន់ឡុក (Tan Loc) បានងាប់។ កម្ដៅដ៏ខ្លាំងក្លាបានធ្វើឱ្យទឹកឆាប់ហួត ហើយការផ្លាស់ប្តូរបរិស្ថានភ្លាមៗបានធ្វើឱ្យបង្គាចុះខ្សោយ ដែលនាំឱ្យមានការងាប់រាលដាលយ៉ាងខ្លាំង។
លោក អ៊ុត បាននិយាយថា «ប្រសិនបើលក្ខខណ្ឌអំណោយផល ខ្ញុំអាចរកចំណូលបានប្រហែល ៥០ លានដុង(១.៨៩៧ ដុល្លារអាមេរិក) ក្នុងរយៈពេលពីរខែ។ ប៉ុន្តែឥឡូវនេះ ប្រាក់វិនិយោគជិត ១០ លានដុងរបស់ខ្ញុំត្រូវរលាយបាត់អស់ហើយ»។
នៅឃុំដាតម៉ូយ (Dat Moi) លោក ដាំង អាន ហុង (Dang An Hung) បាននិយាយថា ការងាប់សត្វក្ដាមដោយសារកម្ដៅចាប់តាំងពីខែកុម្ភៈមក គឺជាបញ្ហាដែលកើតឡើងដដែលៗរៀងរាល់ឆ្នាំ។ កាលពីប្រហែលមួយខែមុន ក្ដាមដែលចិញ្ចឹមក្នុងស្រះបង្គាទំហំជាង ៤ ហិកតារបស់លោក បានចាប់ផ្តើមងាប់បន្តិចម្តងៗ រហូតដល់ងាប់ស្ទើរតែទាំងអស់ ដែលបណ្តាលឱ្យខាតបង់ថវិករាប់សិបលានដុង។
ភាគខាងត្បូងប្រទេសវៀតណាមបានកំពុងប្រឈមនឹងអាកាសធាតុដ៏ក្តៅហួតហែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសីតុណ្ហភាពនៅក្នុងខេត្តមួយចំនួនបានហក់ឡើងលើសពី ៣៧ អង្សាសេ។
កសិករបានលើកឡើងថា កម្ដៅខ្លាំងបានជំរុញឱ្យស្លែលូតលាស់យ៉ាងលឿន។ នៅពេលដែលស្លែទាំងនោះងាប់ វានឹងធ្វើឱ្យលក្ខខណ្ឌទឹកមិនស្ថិតស្ថិរ បង្កើតបានជាបរិយាកាសអំណោយផលដល់ការផ្ទុះឡើងនៃជំងឺ។
ស្ថានភាពនេះកំពុងកើតឡើងនៅពាសពេញផ្នែកជាច្រើននៃខេត្តកាម៉ៅ ខណៈដែលតំបន់នេះឈានចូលដល់រដូវកាលចិញ្ចឹមចម្បង ដោយផ្ទៃដីវារីវប្បកម្មកំពុងពង្រីកយ៉ាងឆាប់រហ័ស ដែលត្រឹមតែការចិញ្ចឹមបង្គាមួយមុខមានផ្ទៃដីលើសពី៤២២.០០០ ហិកតា ទៅហើយ។
តាមតួលេខស្ថិតិបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំមក ផ្ទៃដីវារីវប្បកម្មជាង ១.៣០០ ហិកតា ត្រូវបានរងផលប៉ះពាល់ដែលក្នុងនោះភាគច្រើនមានការខាតបង់លើសពី ៧០% ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះរួមមាន កសិដ្ឋានបង្គាឧស្សាហកម្ម និងពាក់កណ្តាលឧស្សាហកម្មជិត ២៤៧ ហិកតា កសិដ្ឋានបង្គាបែបប្រពៃណីប្រហែល ៩៧ ហិកតា កសិដ្ឋានចិញ្ចឹមក្ដាមជាង ៣៩០ ហិកតា និងប្រហែល ៥៩% នៃការខូចខាតគឺបណ្តាលមកពីអាកាសធាតុខ្លាំង ហើយចំណែកដែលនៅសល់គឺបណ្តាលមកពីជំងឺ។
មន្ទីរកសិកម្ម និងបរិស្ថាន បានផ្តល់ប្រឹក្សាដល់អាជ្ញាធរមូលដ្ឋានឱ្យអនុវត្តវិធានការបង្ការ និងត្រួតពិនិត្យជំងឺ ព្រមទាំងបញ្ជូនមន្ត្រីចុះទៅប្រមូលសំណាក និងណែនាំកសិករអំពីការរៀបចំស្រះ ការសម្លាប់មេរោគ និងការស្តារបរិស្ថានឡើងវិញ។
អាជ្ញាធរក៏បានផ្តល់អនុសាសន៍ឱ្យមានការកែសម្រួលតារាងពេលវេលានៃការដាក់កូនពូជ និងការប្រកាន់យកគំរូចិញ្ចឹមតាមដំណាក់កាល ដើម្បីកាត់បន្ថយហានិភ័យផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកាម៉ៅបានស្នើសុំរដ្ឋាភិបាលមជ្ឈិមឱ្យផ្គត់ផ្គង់សារធាតុ ក្លរីន (Chlorine) ចំនួន ៥០ តោន ពីឃ្លាំងបម្រុងជាតិ ដើម្បីយកមកព្យាបាលបរិស្ថានស្រះ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ៕(ដោយ ពិសដ្ឋ សំណាង)



