ឃាត់ជនជាតិបរទេស១៤នាក់ នៅបុរីកំបូលស៊ីធី ពាក់ព័ន្ធ Online Scam

 


ភ្នំពេញ  បុរសជនជាតិបង់ក្លាដេស០៥នាក់ និងប៉ាគីស្ថាន ០៩ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២ផ្លូវលេខ០២  ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២៦។



សមត្ថកិច្ចនិយាយថា ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈទូរសព្ទដៃចំនួន ៥៧ គ្រឿងកុំព្យូទ័រ (All-in-one)ចំនួន ០៥ គ្រឿង និង ស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំ។



សមត្ថកិច្ចបន្តថា កិច្ចប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលកោសល្យវិច័យរកឃើញថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក online scam ក្រោមរូបភាពផ្តល់ការងារ។



បច្ចុប្បន្ន ជនបរទេសទាំង១៤ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត។



សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានេះ៕(ដោយ BBN04)

أحدث أقدم