លោកឡារ៉ូវ ប្រាប់លោករូប៊ីអូ ថា រុស្ស៊ីនឹងបន្តវាយប្រហារទីក្រុងគៀវ

 


រុស្ស៊ី  រដ្ឋាភិបាលក្រុងមូស្គូបានឲ្យដឹងថា ខ្លួនមានផែនការបន្តវាយប្រហារលើទីក្រុងគៀវ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ (Sergey Lavrov) បានបញ្ជូនសារនេះទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ាកូរូប៊ីអូ (Marco Rubio) តាមរយៈការសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទ។


ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា លោកឡារ៉ូវ គឺជាអ្នកផ្តួចផ្តើមការហៅទូរសព្ទនេះ។ លោកឡារ៉ូវបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារលើទីតាំងស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។ លោកក៏បានបន្ថែមទៀតថាកងកម្លាំងរុស្ស៊ីនឹងបន្តគោលដៅវាយប្រហារលើសហគ្រាសឧស្សាហកម្មការពារជាតិ និងមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្តនានានៅក្នុងទីក្រុងគៀវ។


ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយលើកឡើងថា ចំណាត់ការនេះធ្វើឡើងដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ លូហានស្ក៍ (Luhansk) ដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រសួងក៏បានជំរុញឱ្យប្រជាពលរដ្ឋបរទេស និងអ្នកការទូតទាំងអស់ចាកចេញពីទីក្រុងគៀវជាបន្ទាន់ផងដែរ។




ប្រភពពីខាងអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃរហូតដល់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស  នាក់ និងរបួសជាង ៨០ នាក់នៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងៗទៀត។


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អានទ្រី ស៊ីប៊ីហា (Andrii Sybiha) និងបណ្តាអគ្គរដ្ឋទូតបរទេស បានទៅពិនិត្យមើលទីតាំងកើតហេតុដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះកាលពីថ្ងៃចន្ទ។ លោកបានច្រានចោលសេចក្តីថ្លែងការណ៍របស់រុស្ស៊ី ដោយនិយាយថា «បច្ចុប្បន្ន យើងកំពុងប្រាប់ដៃគូរបស់យើងថា មិនចាំបាច់ចុះចាញ់នឹងការគំរាមកំហែងរបស់រុស្ស៊ីនេះទេ»


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់រុស្ស៊ីយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនេះ។លោកបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានប្រើប្រាស់កាំជ្រួចមីស៊ីល អូរ៉េសនីក (Oreshnik) ដ៏មានឥទ្ធិពលនៅក្នុងការវាយប្រហារនោះ។ មីស៊ីលបាលីស្ទិកប្រភេទថ្មីនេះ ត្រូវបានដឹងថាជាមីស៊ីលល្បឿនលឿនជាងសំឡេង និងមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង៕(បករែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم