ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤ នាក់ ពាក់ព័ន្ធនឹងករណីឆបោកមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពបន្លំលួចលុយនៅតាមកន្លែងប្តូរប្រាក់វីងចំនួន ៣ ទីតាំងនាពេលកន្លងមក ហើយបានបង្ហាញខ្លួននាថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦។
សមត្ថកិច្ចបានឱ្យដឹងថា ១. ទីតាំង និងពេលវេលាដែលក្រុមជនសង្ស័យធ្វើសកម្មភាពរួមមាន ៖ ករណីទី ១-ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ ,ករណីទី ២-ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនិង ករណីទី ៣-ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់បឹងធំ ខណ្ឌកំបូល។
សមត្ថកិច្ចបន្តថា កម្លាំងប៉ូលិសបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦និង៣០ នាទីល្ងាច នៅចំណុចសណ្ឋាគារអន្តរជាតិ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបន្តទៀតថា មុខសញ្ញាជនសង្ស័យជាជនជាតិចិន ៤ នាក់រួមមាន ១. YANG FU DE,២. TAN YANGY,៣. WANG YINFUនិង៤. CHEN ZHIQIN។
ជនសង្ស័យទាំង ៤ នាក់ ស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕(ដោយ BBN04)


