បរទេស ៖ ដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ(G7) បានបញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងប៉ារីសហើយ។ គណៈប្រតិភូបានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយហានិភ័យសេដ្ឋកិច្ច ដែលកើតចេញពីជម្លោះអ៊ីរ៉ង់ ក៏ដូចជាគ្រោះថ្នាក់នានាបង្កឡើងដោយម៉ូឌែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ហានិភ័យចំពោះកំណើនសេដ្ឋកិច្ច និងអតិផរណាបានកើនឡើងខ្ពស់ ចំពេលដែលស្ថានភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់កំពុងកើតឡើង។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងផងដែរអំពីម៉ូឌែល AI ថ្មីៗដែលមានសមត្ថភាពខ្ពស់ ដូចជា Claude Mythos ជាដើម និងគ្រោះថ្នាក់ដែលម៉ូឌែលទាំងនោះអាចបង្កឡើងដល់ប្រព័ន្ធហិរញ្ញវត្ថុ។ ក្រុមប្រទេស G7 បានលើកឡើងថាខ្លួននឹងធ្វើការរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងស្វែងរកការអនុវត្តដ៏ល្អបំផុត។
ទន្ទឹមនឹងនេះ ក្រុមប្រទេស G7 ក៏បានសម្តែងការព្រួយបារម្ភចំពោះការរឹតបន្តឹងការនាំចេញដោយគ្មានតម្លាភាពលើរ៉ែសំខាន់ៗ ដែលពួកគេបាននិយាយថា វាបានធ្វើឲ្យរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដោយការលើកឡើងនេះហាក់បីដូចជាសំដៅទៅលើប្រទេសចិន។ ក្រុមនេះមានបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក G7 និងដៃគូដែលមានគំនិតស្រដៀងគ្នា ដើម្បីធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពសម្បូរបែប និងចម្រុះ។ វិស័យឯកជនក៏ត្រូវបានរាប់បញ្ចូលក្នុងផែនការនេះផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី Katayama Satsuki បានថ្លែងប្រាប់អ្នកយកព័ត៌មានអំពីផលប៉ះពាល់នៃស្ថានភាពអ៊ីរ៉ង់ បន្ទាប់ពីកិច្ចប្រជុំនោះ។ លោកស្រីបានមានប្រសាសន៍ថា ការយកចិត្តទុកដាក់គួរតែត្រូវបានផ្តោតជាពិសេសទៅលើផលប៉ះពាល់របស់វាចំពោះតំបន់អាស៊ី ដែលជាតំបន់ពឹងផ្អែកយ៉ាងខ្លាំងលើមជ្ឈិមបូព៌ាសម្រាប់ការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG)៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


