ស.រ.អា ៖ មនុស្សចំនួន ៨ នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុន Boeing ពីរនាក់ផងនោះ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកធុន B-52 របស់កងទ័ពអាកាសអាមេរិក បានធ្លាក់ភ្លាមៗក្រោយពេលហោះឡើងពីមូលដ្ឋានទ័ពអាកាស Edwards ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១:២០ ម៉ោងក្នុងស្រុក (ម៉ោង ១៩:២០ ម៉ោង GMT) កាលពីថ្ងៃចន្ទ ខណៈពេលដែលយន្តហោះកំពុងស្ថិតក្នុងបេសកកម្មហោះហើរសាកល្បងជាប្រចាំ។ គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានបង្កជាផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ ដែលគេអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។
លោកវរសេនីយ៍ឯក James Hayes បាននិយាយថា «ថ្ងៃនេះ មូលដ្ឋានទ័ពអាកាស Edwards បានជួបប្រទះនូវសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ ហើយយើងបានបាត់បង់ជនជាតិអាមេរិកដ៏ឆ្នើមចំនួន ៨ នាក់» ដោយលោកបានរៀបរាប់ថា ពួកគេគឺជា «ក្រុមអាកាសយានិកចម្រុះ ដែលមានទាំងយោធា មន្ត្រីស៊ីវិលរបស់រដ្ឋាភិបាល និងអ្នកម៉ៅការរបស់រដ្ឋាភិបាល»។
មុននេះ បើតាមការបញ្ជាក់ពីមូលដ្ឋានទ័ពបានឱ្យដឹងថា សញ្ញាណដំបូងបង្ហាញថា គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ «គ្មានអ្នកណាម្នាក់អាចរស់រានមានជីវិតបានឡើយ»។
លោក Hayes បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាពេលរសៀលថា សាច់ញាតិរបស់ក្រុមសមាជិកយន្តហោះកំពុងត្រូវបានទទួលដំណឹង ហើយអត្តសញ្ញាណរបស់ពួកគេនឹងត្រូវប្រកាសផ្សាយ ២៤ ម៉ោងបន្ទាប់ពីនោះ។
លោក Hayes បានបន្តថា ទីតាំងធ្លាក់យន្តហោះគឺ «ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង» នៅលើផ្លូវរត់ ក្នុងមូលដ្ឋានទ័ពអាកាស Edwards ហើយបច្ចុប្បន្ន មូលដ្ឋានទ័ពបានផ្អាកប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ន។
លោកបានបន្ថែមថា យន្តហោះ B-52 នេះ បាននិងកំពុងគាំទ្រដល់កម្មវិធីទំនើបកម្មប្រព័ន្ធរ៉ាដារបស់មូលដ្ឋានទ័ពហើយវាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង រួចក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
លោក Hayes បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យមើលវីដេអូដំបូង ហេតុការណ៍នេះត្រូវបានចាត់ទុកថាជា «ការធ្លាក់យន្តហោះដែលមិនអាចស្រោចស្រង់បាន និងមិនអាចមានអ្នករស់រានមានជីវិតឡើយ»។
រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់រកមូលហេតុបាននៅឡើយទេ ហើយនឹងមិនអាចដឹងច្បាស់នោះទេលុះត្រាតែមានការស៊ើបអង្កេតជាបន្តបន្ទាប់ ដែលអាចចំណាយពេលរហូតដល់ ៣០ ថ្ងៃ។ លោក Hayes បាននិយាយថា ការស៊ើបអង្កេតដើម្បីវិភាគរកមូលហេតុស៊ីជម្រៅបន្ថែមទៀត អាចនឹងត្រូវចំណាយពេលលើសពី ៦ ខែ។
ដោយឡែក ក្រុមហ៊ុន Boeing បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា បុគ្គលិករបស់ខ្លួនពីរនាក់ ស្ថិតក្នុងចំណោមអ្នកនៅលើហោះនោះដែរ ហើយក្រុមហ៊ុនកំពុងទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ។ទោះជាយ៉ាងណា ក្រុមហ៊ុនយក្សផ្នែកលំហអាកាសមួយនេះ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទៀតទេនៅពេលដែលខាងសារព័ត៌មាន BBC ធ្វើការទាក់ទងទៅ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានហៅការធ្លាក់យន្តហោះនេះថាជា «ហេតុការណ៍ដ៏សោកសៅបំផុត» ហើយបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាសហគមន៍មូលដ្ឋានទ័ពអាកាសEdwards តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X។
រូបភាពវីដេអូថតពីលើអាកាស បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដីធ្លីរងការឆេះខ្លោច និងមានផ្សែងហុយទ្រលោមនៅកន្លែងកើតហេតុ។
មូលដ្ឋានទ័ពបានបញ្ជាក់នៅក្នុងការធ្វើបច្ចុប្បន្នភាពមុននេះថា រាល់យន្តហោះទាំងអស់ដែលត្រូវចុះចតនៅទីនេះ ត្រូវបានបង្វែរទិសដៅទៅកន្លែងផ្សេង ហើយរាល់ការចេញលិខិតអនុញ្ញាតសម្រាប់ភ្ញៀវចូលទស្សនាដែលមិនមែនជាផ្នែកពាណិជ្ជកម្ម ត្រូវបានផ្អាក «រហូតដល់មានការជូនដំណឹងថ្មី ដើម្បីទុកលទ្ធភាពឱ្យមូលដ្ឋានទ័ពទាំងមូលផ្តោតអារម្មណ៍ទាំងស្រុងលើប្រតិបត្តិការឆ្លើយតបបន្ទាន់»។
យន្តហោះ Boeing B-52 Stratofortress ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ។ វាមានរហស្សនាមថា "The Buff" ដែលពាក្យនេះផ្នែកខ្លះជាពាក្យកាត់មកពី "Big Ugly Fat" (អាធំ អាក្រក់មើល អាធាត់)។
B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារទម្លាក់គ្រាប់បែក នៅក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅប្រទេសអ៊ីរ៉ង់។
យន្តហោះទម្លាក់គ្រាប់បែកដ៏មហិមានេះ មានសមត្ថភាពអាចហោះហើរបានក្នុងកម្ពស់រហូតដល់ ៥០.០០០ ហ្វីត (បើប្រៀបធៀបទៅនឹងយន្តហោះពាណិជ្ជកម្មស៊ីវិល ដែលហោះហើរក្នុងកម្ពស់ប្រហែល ៣៥.០០០ ហ្វីត) ហើយសមត្ថភាពផ្ទុកអាវុធទម្ងន់ ៧០.០០០ ផោន (៣២.០០០ គីឡូក្រាម) របស់វា អាចរួមបញ្ចូលទាំងគ្រាប់បែកធម្មតារាប់រយគ្រាប់ និងគ្រាប់មីស៊ីលគ្រូស (Cruise Missiles) ដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៣២ គ្រាប់ផងដែរ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)





