បរទេស ៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ ខែមិថុនា បានថ្លែងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយយ៉ាងឆាប់បំផុតនៅចុងសប្តាហ៍នេះ ដែលនឹងបើកច្រកសមុទ្រHormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនតាមនាវា ប៉ុន្តែអ៊ីរ៉ង់បានបដិសេធវិញថា ខ្លួនមិនទាន់បានឈានដល់ការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។
កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានសម្រេចជាស្ថាពរ នឹងក្លាយជាការទម្លាយភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុត ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេលបីខែមកនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់យ៉ាងខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei ដែលបានលើកឡើងថា ផ្នែកធំៗនៃអត្ថបទនៃកិច្ចចរចាត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែអ៊ីរ៉ង់នឹងមិនធ្វើសម្បទានលើ "បន្ទាត់ក្រហម" (លក្ខខណ្ឌមិនអាចរំលងបាន) របស់ខ្លួនឡើយ។
លោកបាននិយាយថា «យើងមិនទាន់បានឈានដល់ការសន្និដ្ឋានចុងក្រោយលើបញ្ហានេះទេ។ នេះគឺជាបញ្ហាដ៏សំខាន់បំផុតមួយ ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យឡើងវិញដោយស្ថាប័នធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធ»។
ទន្ទឹមនឹងនេះដែរ លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «យើងទើបតែសម្រេចបាននូវការដោះស្រាយដ៏អស្ចារ្យមួយនៃសង្គ្រាមជាមួយអ៊ីរ៉ង់»។
លោកបានបន្តថា «ច្រកសមុទ្រនេះនឹងត្រូវបើកជាផ្លូវការភ្លាមៗនៅពេលយើងចុះហត្ថលេខា ដែលអាចនឹងកើតឡើងឆាប់ៗ ប្រហែលជាអំឡុងចុងសប្តាហ៍នៅអឺរ៉ុប» ដោយលោកបានបន្ថែមថា អនុប្រធានាធិបតី លោក JD Vance អាចនឹងតំណាងឱ្យសហរដ្ឋអាមេរិកក្នុងការចុះហត្ថលេខានេះ។
នៅពេលត្រូវបានសួរថាតើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតុឡោះ ម៉ូសតាបា ខាមេនី (Ayatollah Mojtaba Khamenei) បានអនុម័តលើកិច្ចព្រមព្រៀងនេះហើយឬនៅ លោកត្រាំបានឆ្លើយតបថា «ខ្ញុំយល់ថាចម្លើយគឺយល់ព្រម»។
ការប្រកាសរបស់លោកត្រាំបានធ្វើឡើងបន្ទាប់ពីលោកបានលុបចោលគម្រោងវាយប្រហារយោធាលើអ៊ីរ៉ង់ ដោយលើកឡើងពីវឌ្ឍនភាពនៅក្នុងការចរចា។ ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានកើនឡើង ហើយតម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីទទួលបានព័ត៌មាននេះ។
ចាប់តាំងពីពាក់កណ្តាលខែមីនាមក លោកត្រាំបានអះអាងម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមជិតលេចចេញជារូបរាងហើយ។ ភាគីទាំងពីរបានវាយបកគ្នាទៅវិញទៅមកពេញមួយសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលបានប្រកាសកាលពីខែមេសា។
លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា «វាគឺជាអនុស្សរណៈនៃការយោគយល់គ្នាដ៏រឹងមាំមួយ ដែលរៀងមានលក្ខណៈជាគោលការណ៍ទូទៅបន្តិច»។
លោកត្រាំបានសង្កត់ធ្ងន់ជាច្រើនដងថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែធានាថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធបែបនេះទេ។
ចំណែកឯការទាមទាររបស់អ៊ីរ៉ង់ រួមមានការដកទណ្ឌកម្មអន្តរជាតិ ការដោះលែងទ្រព្យសម្បត្តិបង្កកដែលមានតម្លៃរាប់ពាន់លានដុល្លារ និងការទទួលស្គាល់ការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz។
ក្រោយមក លោកត្រាំបានថ្លែង ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតតាមទូរសព្ទថា «រឿងដ៏ធំបំផុតនោះគឺ នឹងមិនមានអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ឡើយ។ នោះមានន័យថាមិនត្រូវបានអភិវឌ្ឍ ហើយក៏មិនត្រូវបានទិញដែរ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



