បរទេស ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែបង្ហាញសញ្ញាមិនច្បាស់លាស់ជាថ្មីម្តងទៀត អំពីស្ថានភាពនៃការចរចារបស់ពួកគេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ជំនួបមួយនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងដូហា (Doha) នៅថ្ងៃអង្គារនេះ។ ប៉ុន្តែភាគីខាងអ៊ីរ៉ង់បានបដិសេធចំពោះរឿងនេះ ដោយនិយាយថា ពុំមានការគ្រោងទុកនូវកិច្ចចរចាណាមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកាតានោះឡើយ។
លោកត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «នឹងមានជំនួបមួយអំពីបញ្ហានោះនៅថ្ងៃស្អែកក្នុងទីក្រុងដូហា ហើយពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសកាតាហើយ។ ខ្ញុំគិតថាពួកគេបានចេញដំណើររួចហើយ ឬក៏ជិតនឹងត្រៀមខ្លួនចេញដំណើរហើយ។ ដូច្នេះ យើងនឹងរង់ចាំមើលថាតើរឿងនោះនឹងទៅជាយ៉ាងណា»។
អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) បានប្រាប់កម្មវិធី "Fox & Friends" របស់ទូរទស្សន៍ Fox News អំពីផែនការរបស់សហរដ្ឋអាមេរិក។
លោកស្រីបាននិយាយថា ប្រធានបេសកជនពិសេសរបស់លោកត្រាំ គឺលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងកូនប្រសាររបស់លោក គឺលោក ចារ៉េដ គូសណឺ (Jared Kushner) នឹងចូលរួមកិច្ចប្រជុំ «កម្រិតខ្ពស់» នៅក្នុងទីក្រុងដូហា។ លោកស្រីក៏បានបន្តថា កិច្ចចរចាផ្នែកបច្ចេកទេសនឹងត្រូវធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំនោះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់នឹងបញ្ជូនគណៈប្រតិភូបច្ចេកទេសមួយទៅកាន់ទីក្រុងដូហានៅសប្តាហ៍នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថានឹងមិនមានកិច្ចប្រជុំចរចា «ក្នុងកម្រិតណាមួយឡើយ» នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានបន្ថែមថាដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិក និងគណៈប្រតិភូអ៊ីរ៉ង់ គឺ «មិនពាក់ព័ន្ធគ្នាឡើយ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


