សហរដ្ឋអាមេរិកដាក់ពន្ធថ្មីពី ១០% ទៅ ១២,៥% លើដៃគូពាណិជ្ជកម្មចំនួន ៦០ ដោយសារក្តីកង្វល់អំពីពលកម្មបង្ខំ

 


ស.រ.អា ៖ សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី ២៣ ខែកក្កដាថា ខ្លួននឹងដាក់ពន្ធថ្មីលើដៃគូពាណិជ្ជកម្មចំនួន ៦០ដោយសារក្តីកង្វល់អំពីពលកម្មបង្ខំ ដោយជំនួសឱ្យពន្ធសកលដែលជិតផុតកំណត់ ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំ ២០២៦។


ការហូតពន្ធទាំងនេះ ដែលចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២៤ ខែកក្កដា មានកម្រិតចាប់ពី ១០ ភាគរយ ដល់ ១២,៥ ភាគរយនិងប៉ះពាល់ដល់សេដ្ឋកិច្ចសំខាន់ៗដូចជា ប្រទេសចិន ឥណ្ឌា និងសហភាពអឺរ៉ុប។


លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងក្នុងពិធីប្រកាសពន្ធទាំងនេះថា«សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលទំនិញដែលពាក់ព័ន្ធនឹងពលកម្មបង្ខំជិតមួយសតវត្សរ៍មកហើយ ហើយបានអនុវត្តវាយ៉ាងម៉ឺងម៉ាត់។ វាដល់ពេលយូរណាស់មកហើយដែលដៃគូពាណិជ្ជកម្មរបស់យើងត្រូវធ្វើដូចគ្នាដែរ»។


លោកបានបន្ថែមមុននេះថា សេដ្ឋកិច្ចគោលដៅទាំងនេះតំណាងឱ្យភាគច្រើននៃពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។


រដ្ឋបាលត្រាំបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីកសាងកំពែងពន្ធរបស់ប្រធានាធិបតីឡើងវិញ បន្ទាប់ពីតុលាការកំពូលបានរំលាយពន្ធជាច្រើនរបស់លោកកាលពីខែកុម្ភៈ ដែលជាការវាយប្រហារលើសមត្ថភាពរបស់លោកក្នុងការបញ្ចេញពន្ធធ្ងន់ធ្ងរតាមអំពើចិត្ត។


បន្ទាប់ពីបរាជ័យនោះ លោកត្រាំបានប្រើប្រាស់អាជ្ញាធរផ្សេងទៀតដើម្បីដាក់ពន្ធ ១០ ភាគរយឡើងវិញលើការនាំចូល។ ប៉ុន្តែពន្ធនេះមានរយៈពេលត្រឹមតែ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា។


ការសម្រេចចិត្តលើពន្ធថ្មីទាំងនេះ ដែលត្រូវបានស្នើឡើងដំបូងកាលពីខែមិថុនា ឥឡូវនេះនឹងមកជំនួសកន្លែងពន្ធចាស់។


វិធានការទាំងនេះត្រូវបានស្នើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ហើយត្រូវបានគេចាត់ទុកថាមានភាពរឹងមាំ និងធន់នឹងការតវ៉ាតាមផ្លូវច្បាប់ជាងចំណាត់ការមុនៗ។




ក្រោមការប្រកាសនាថ្ងៃទី ២៣ ខែកក្កដា សេដ្ឋកិច្ចទាំងឡាយណាដែលបានអនុវត្តការហាមឃាត់ពលកម្មបង្ខំរួចហើយនឹងត្រូវរងផលប៉ះពាល់ដោយអត្រាពន្ធទាប ១០ ភាគរយ។ ប្រទេសទាំងនោះរួមមាន កាណាដា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។


ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសរាប់សិបផ្សេងទៀត ត្រូវបានចាត់ទុកថាសមនឹងទទួលបានអត្រាពន្ធខ្ពស់១២,៥ ភាគរយ។ ប៉ុន្តែសហភាពអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងស្វីស ទទួលបានការសម្រាលខ្លះៗ ដែលស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពួកគេបានសម្រេចជាមួយសហរដ្ឋអាមេរិកពីមុន។


ទំនិញដែលប្រឈមនឹងពន្ធតាមវិស័យជាក់លាក់របស់លោកត្រាំរួចហើយ ដូចជាដែកថែប និងអាលុយមីញ៉ូម នឹងមិនរងផលប៉ះពាល់នោះទេ។


មន្ត្រីអាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ផលិតផលថាមពល និងជីរមួយចំនួនក៏នឹងត្រូវលើកលែងដែរ រួមជាមួយនឹងទំនិញដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم