សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី Akane Tomoko

 



ស.រ.អា ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ រដ្ឋបាលនេះកំពុងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបស់តុលាការ រួមទាំងប្រធានតុលាការគឺលោកស្រី Akane Tomoko ផងដែរ។


លោកស្រី Akane គឺជាចៅក្រមជនជាតិជប៉ុន ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២៤។ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយពី រដ្ឋមន្ត្រីការបរទេសលោក Marco Rubio។ សេចក្តីថ្លែងការណ៍នោះបានពិពណ៌នាថា ICC ជាស្ថាប័ន "ពុករលួយ និងលំអៀងខាងនយោបាយយ៉ាងធ្ងន់ធ្ងរ" ហើយបានចោទប្រកាន់តុលាការនេះថាបានរំលោភបំពានអំណាចរបស់ខ្លួន។ ទណ្ឌកម្មនេះតម្រូវឱ្យបង្កកទ្រព្យសម្បត្តិទាំងឡាយណាដែលកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសក៏បានលើកឡើងផងដែរថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការបន្ថែមទៀត រហូតទាល់តែ ICC មិនអាចគំរាមកំហែងដល់ "អធិបតេយ្យភាព" របស់អាមេរិកបានទៀតឡើយ។


មន្ត្រីអាមេរិកបានជំទាស់នឹងការអនុម័តរបស់តុលាការក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន ហើយពួកគេបានថ្កោលទោសចំពោះដីកាចាប់ខ្លួនដែលបានចេញសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ពួកគេបានដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញាដែលពាក់ព័ន្ធនឹងករណីទាំងនោះ។


ICC បានរិះគន់ទណ្ឌកម្មទាំងនេះ។ តុលាការបានថ្លែងថា ការគំរាមកំហែងសំដៅលើតុលាការនឹង "បំផ្លាញនីតិរដ្ឋ" និងធ្វើឱ្យ "សណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ" ស្ថិតក្នុងហានិភ័យ។ តុលាការបានជំរុញនិងអះអាងថា ខ្លួននឹងបន្តបំពេញការងារដោយឯករាជ្យ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم